(កណ្តាល)៖ លោក អេង ជាសាន ប្រធានរដ្ឋបាលជលផល បានដឹកនាំកម្លាំងជាច្រើន ចុះប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទមួយចំនួននៅតាមបណ្តោយព្រែកកុយ ព្រែកជីក និងព្រែកបារាយ ស្ថិតនៅក្នុងឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។
ប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទនេះបានធ្វើឡើងនៅថ្ងៃអាទិត្យ ទី១២ ខែសីហា ឆ្នាំ២០១៨នេះ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលស្អប់ខ្ពើមការនេសាទខុសច្បាប់។
លោក អេង ជាសាន បានឲ្យដឹងថា កម្លាំងជលផល បានរកឃើញដាយត្រីចំនួន ២មាត់ ដោយលែកដាយត្រី ៦មាត់ទៀត ត្រូវបានជនល្មើសកាត់ផ្តាច់អស់ហើយ។ ប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទនេះ ទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះ។
បន្ទាប់ពីប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅក្នុងស្រុកកងមាសហើយ លោក អេង ជាសាន ក៏បានបន្តដឹកនាំកម្លាំងមកត្រួតពិនិត្យបទល្មើសនេសាទនៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាលវិញម្តង។ មកដល់ចំណុចនេះ បានរកឃើញដាយចំនួន ២វង់ ដែលក្រុមជនល្មើសបានប្រើចាប់ត្រី។
សូមបញ្ជាក់ថា ក្នុងរដូវបិទនេសាទនេះ ឧបករណ៍ជាច្រើនមិនត្រូវបានអនុញ្ញាតឲ្យនេសាទនោះទេ ជាពិសេសដាយត្រីនេះតែម្តង។ តែទោះជាយ៉ាងណាក្រុមជនល្មើសនៅតែបន្តលួចធ្វើសកម្មភាព។
រដ្ឋបាលជលផល ដែលដឹកនាំដោយលោក អេង ជាសាន ឃើញថា បានចុះធ្វើសកម្មភាពញឹកញាប់ផងដែរ ដើម្បីបង្ក្រាបបទល្មើសនេសាទទាំងនេះ៕