(បាត់ដំបង)៖ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង លោក ហែម ថេង បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា មានលក្ខណៈសម្បត្តិពិសេស ទើបធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍។ សម្តេចតេជោមានគុណបំណាច់ចំពោះជាតិ និងប្រជាពលរដ្ឋកម្ពុជា ដោយផ្អែកលើគុណសម្បត្តិពិសេសមួយគ្មានពីរក្នុងប្រវត្តិសាស្រ្តខ្មែរ។
លោកបានលើកឡើងក្នុងពិធីថ្លែងអំណរគុណ និងដឹងគុណសមាជិកសមាជិកាបក្ស ក្នុងឃុំភ្នំសំពៅទាំងអស់ ដែលបានបោះឆ្នោតគាំទ្របក្សប្រជាជន ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ កន្លងទៅថ្មីៗនេះ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រុមការងារបក្សមកពីខេត្ត ឃុំ ភូមិទាំង១០ ក្រុមប្រឹក្សាឃុំ ប្រជាការពារក្នុងឃុំនគរបាលប៉ុស្តិ៍ឃុំ សរុបប្រមាណ១៤៨នាក់។
លោកបានថ្លែងថា សម្តេចតេជោ ហ៊ុន សែន មានគុណបំណាច់ចំពោះជាតិ និងប្រជាពលរដ្ឋ៤ចំណុចសំខាន់ៗគឺ
*ទី១៖ សម្តេចគឺជាវីរបុរសតែ១គត់ ក្នុងប្រវត្តិសាស្រ្តខ្មែរដែលមានគុណបំណាច់ចំពោះប្រទេសជាតិ និងប្រជាពលរដ្ឋ ដោយបានរំដោះជាតិរួចផុតពីរបបកាប់សម្លាប់ប្រល័យពូជសាសន៍ជាតិឯង បានកសាងប្រទេសជាតិតាំងពីចំណុចសូន្យដល់មានការអភិវឌ្ឍន៍ដល់សព្វថ្ងៃ បានបង្រួបបង្រួមជាតិក្នុងគោលនយោបាយឈ្នះឈ្នះខ្មែរតែមួយ បានចរចាស្វែងរកសន្តិភាព បញ្ចប់សង្រ្គាមទាំងស្រុង បាននាំមកនូវលទ្ធិប្រជាធិបតេយ្យចូលមកកម្ពុជាតាមរយៈការបោះឆ្នោតសកលបាន៦អណត្តិគិតត្រឹមឆ្នាំ២០១៨នេះ និងបាននាំរបបព្រះរាជាណាចក្រកម្ពុជាទីពីរ មកកម្ពុជាម្តងទៀត
*ទី២៖ សម្តេចតេជោ បានប្រសូតចេញពីត្រកូលកូនកសិករសុទ្ធសាធ
*ទី៣៖ សម្តេចតេជោ មិនបានទៅរៀននៅបរទេសដូចគេទេ តែមានបទពិសោធន៍ និងសមត្ថភាពខ្ពស់ជាងគេ ក្នុងចំណោមអ្នកនយោបាយខ្មែរជាច្រើននាក់
*ទី៤៖ សម្តេចតេជោ ជាមេទ័ពកំពូលផ្កាយមាស៥ តែម្នាក់គត់ ដែលបានប្រសូតចេញពីពលទាហាន មានភាពអង់អាចក្លាហាន តស៊ូរំដោះជាតិ និងប្រជាពលរដ្ឋកន្លងមក ដោយសារសម្តេចមានគុណបំណាច់ដ៏ធំធេងនេះហើយ ទើបប្រជាពលរដ្ឋមានការគាំទ្ររហូតមកដើម្បីបន្តដឹកនាំប្រទេសទៅមុខទៀត។
លោកប្រធានក្រុមការងារ សូមថ្លែងអំណរគុណ និងដឹងគុណដល់សមាជិក សមាជិកាបក្សក្នុងឃុំភ្នំសំពៅទាំងអស់ ដែលបានបោះឆ្នោតគាំទ្របក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ បានទទួលជ័យជម្នះលើសលុប។
លោកថា សកម្មភាព នៃការបោះឆ្នោតនៅកម្ពុជាត្រូវបានគេទទួលស្គាល់ថា បានជាប់ចំណាត់ថ្នាក់ទី២ នៅលើពិភពលោក ដែលមានចំនួនប្រជាពលរដ្ឋទៅបោះឆ្នោតរហូតដល់ជាង៨៣% លទ្ធផលទាំងនេះ បានបង្ហាញឱ្យឃើញថា របបលទ្ធិប្រជាធិបតេយ្យបានចាក់ឬស្ស ចូលជ្រៅនៅក្នុងប្រទេសកម្ពុជា ជាពិសេសប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: បានបញ្ចេញនូវសិទ្ធិរបស់ខ្លួន ក្នុងការជ្រើសរើសគណបក្សដែលខ្លួនស្រឡាញ់ និងថ្នាក់ដឹកនាំដែលមានសមត្ថភាពក្នុងការដឹកនាំប្រទេសជាតិ មកដឹកនាំបន្តទៀត។
លោកប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំភ្នំសំពៅ បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ ការងារមានច្រើនណាស់ សម្រាប់ធ្វើនាពេលខាងមុខដើម្បីបំពេញបំណងម្ចាស់ឆ្នោត ព្រោះប្រជាពលរដ្ឋបោះឆ្នោតឲ្យហើយ យើងត្រូវតែសងគុណគាត់វិញតាមរយៈ ការកសាង និងអភិវឌ្ឍន៍មូលដ្ឋានរបស់គាត់ ឱ្យមានការរីកចម្រើនបន្ថែមទៀត។ លោកបានបន្តទៀតថា អ្វីដែលប្រជាពលរដ្ឋចង់បានខ្លាំងនោះគឺ ការស្ថាបនាផ្លូវថ្នល់ និងស្តារប្រឡាយ ធំតូចជាច្រើននៅក្នុងមូលដ្ឋាន ដើម្បីពួកគាត់មានលទ្ធភាព ក្នុងការងារបង្កបង្កើនផលស្រូវឱ្យបានច្រើនដង ក្នុងមួយឆ្នាំ និងការដាំដុះដំណាំផ្សេងៗ ក៏ដូចជាផ្លូវអមប្រឡាយ ផ្លូវក្នុងភូមិ និងផ្លូវសំខាន់ៗជាច្រើនទៀត ដើម្បីងាយស្រួលដឹកជញ្ជូនកសិផលរបស់ប្រជាកសិករទៅកាន់ទីផ្សារបានទាន់ពេលវេលា។
លោកបានក្រើនរំលឹកថា កិច្ចការសំខាន់ដែលមិនអាចមើលរំលងបាននោះ គឺអាជ្ញាធរមូលដ្ឋានត្រូវបង្កើនការយកចិត្តទុកដាក់ ដល់ការផ្តល់សេវារដ្ឋបាលសាធារណៈ ដោយទទួលខុសត្រូវខ្ពស់ ប្រកបដោយប្រសិទ្ធិភាព មានតម្លាភាព និងត្រូវធ្វើការកែតម្រូវមិនឱ្យមានមន្រ្តីអសកម្មធ្វើជាចៅហ្វាយប្រជាពលរដ្ឋនោះទេ គឺត្រូវធ្វើជាអ្នកបម្រើប្រជាពលរដ្ឋ ឬជាខ្ញុំបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ កើតចេញពីបេះដូងគ្រប់កាលៈទេសៈ។
លោក ហែម ថេង បានជំរុញលើកទឹកចិត្តដល់ក្រុមការងារទាំងអស់ថា «យើងត្រូវចេះដោះស្រាយបញ្ហាផ្សេងៗ ក្នុងមូលដ្ឋានឱ្យបានល្អ ដូចជា បញ្ហាប្រឈម ក្តីកង្វល់ សំណូមពរ តម្រូវការចាំបាច់ នានាជាដើម ហើយត្រូវចាំថា សុភមង្គល និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ គឺជាគោលដៅរបស់គណបក្សប្រជាជនកម្ពុជា ដែលត្រូវធ្វើឱ្យខាងតែបានជូនប្រជាពលរដ្ឋរហូតទៅ»។
ក្នុងឱកាសនោះ លោកប្រធានក្រុមការងារ បានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ តាមរយៈជូនថវិកា និងស្រាបៀរដល់សមាជិកទាំងអស់ យកទៅពិសារអបអរសាទរនូវជ័យជម្នះនេះផងដែរ៕