(ភ្នំពេញ)៖ កីឡាការិនីហែលទឹកជម្រើសជាតិ ដែលត្រូវបានមហាជនដឹងថា មានទេពកោសល្យ និងសមត្ថភាពខ្ពស់ គឺ​កញ្ញា ហែម ថុនវិទិនី កាលពីម្សិលមិញ នាងបាន​រៀបរាប់ជាច្រើន នូវរឿងរ៉ាវនានា ពាក់ព័ន្ធនឹងបច្ចេកទេស និងវិធីសាស្រ្តផ្សេងៗ​ ​ក្នុងវិស័យកីឡាហែលទឹក តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា»។ ​យ៉ាងណាមិញ ក្រៅពីរៀបរាប់ នូវអាថ៌កំបាំងផ្ទាល់ខ្លួន​នានាហើយនោះ នាងក៏បានធ្វើឲ្យអ្នកទស្សនា តាមរយៈការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និង Khmer Talking ស្ទើរតែស្រក់ទឹកភ្នែក ដោយមិនដឹងខ្លួន​ បន្ទាប់ពីនាងបកស្រាយនូវគោលបំណង នៃការចាក់សាក់រូបកងប្រាំ ​តំណាងកីឡាជាតិ​ នៅលើរាងកាយរបស់នាង។

ជាក់ស្តែង កញ្ញា ហែមថុន វិទិនី ក្រៅពីជាអ្នកហែលទឹកអាជីព ដែលទទួលបានមេដាយមាស​ ស្ទើរគ្រប់វិញ្ញាសារប្រកួត ក្នុងប្រទេសកម្ពុជាហើយនោះ នាងក៏ធ្លាប់បានចូលរួមបក្រកួត ក្នុងកម្មវិធី​កីឡាអន្តរជាតិ។​ ការទៅចូលរួមប្រកួតជាលក្ខណៈអន្តរជាតិនេះហើយ ជាហេតុធ្វើឲ្យ ហែមថុន វិទិនី និងមិត្តរបស់នាងសន្យាគ្នា ពីការចាក់សាក់លើខ្លួន ដែលមានរូបរាងជា កងប្រាំតំណាងឲ្យកីឡា។

ពាក់ព័ន្ធនឹងរឿងនេះ កញ្ញា ហែមថុន វិទីនី បាននិយាយក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» យ៉ាងដូច្នេះថា ​មិត្តភក្តិរបស់នាង និងនាងបាននាំគ្នាសន្យាថា បើមានឱកាសទៅប្រកួតកីឡា ក្នុងឆាកអន្តរជាតិ នឹងនាំគ្នាសាក់រូបកងប្រាំទាំងអស់គ្នា។ ក្នុងនោះ គឺពិតជាបានសមប្រកបមែន ដោយមិត្តរបស់នាង រួមជាមួយនឹង ហែម​ ថុន​វិទិនីផងនោះ សុទ្ធសឹងតែបានទៅប្រកួតកីឡា លក្ខណៈអន្តរជាតិដូចគ្នា ខណៈត្រឡប់មកវិញមិត្តរបស់នាង បានសាក់រួចរាល់ហើយ។ ដោយឡែកនៅតែនាងមួយប៉ុណ្ណោះ ដែលមិនទាន់បានសាក់​។

ហែម ថុន​វិទិនី បាននិយាយបន្ត ដោយបង្ហាញពីការអារម្មណ៍រំភើប ក្នុងការស្នេហាវិស័យកីឡា ខណៈ​គោលបំណងនៃការចាកសាក់នេះ គឺហាក់បីដូចជាខុសទាំងស្រុង នឹងអ្វីដែលនាង បានសន្យាគ្នា ជាមួយមិត្តភក្តិ និងការគិតរបស់ទស្សនិកជន ដោយក្នុងនោះនាងថា «ខ្ញុំនឹងចាក់ ប៉ុន្តែមិនទាន់ដល់ពេល ហើយការសាក់​នេះទៀតសោត គឺដើម្បីបញ្ជាក់ពីអត្ថន័យមួយ ក្នុងឆាកជីវិតរបស់ខ្ញុំ ថាខ្ញុំបានចូលរួម ក្នុងកម្មវិធីអន្តរជាតិ។ មិនតែប៉ុណ្ណោះ គឺទុកស្នាមសាកនេះ សម្រាប់ឲ្យក្មេងៗ កូនចៅជំនាន់ក្រោយ ពេលដែលខ្ញុំមានគ្រួសារទៅ ថា ខ្ញុំមានស្នាមសាក់កងប្រាំ និងជាកីឡាដែលខ្ញុំស្រឡាញ់រហូត ទោះខ្ញុំចាស់ទៅក៏ដោយ»

ជាមួយនឹងការបកស្រាយត្រង់ចំណុចនេះ គឺបានធ្វើឲ្យទស្សនិកជនមួយចំនួន ហូរ​ទឹកភ្នែកទាំងមិនដឹងខ្លួន ជាពិសេសអ្នកស្នេហាវិស័យកីឡាដូច ហែម ថុន​វិទិនី ថានាងពិតជាស្រឡាញ់កីឡា​ហែលទឹកខ្លាំងណាស់ ពោលគឺពេលចាស់ទៅធ្វើអ្វីមិនកើត ក៏មានស្នាមសាក់កងប្រាំ នៅជាប់នឹងខ្លួនដែរ។

យ៉ាងណាមិញ បើងាកមករករឿងរ៉ាវស្នេហា របស់កីឡាការិនីហែលទឹកជម្រើសជាតិ ដែលមានទឹកចិត្តស្រឡាញ់តែវិស័យកីឡានេះវិញ គឺទោះមិនទាន់បញ្ជាក់ថា គូស្នេហ៍ជានរណា ក៏ទស្សនិកជនអាចប៉ាន់ស្មានត្រូវ ៥០ភាគរយដែរ ព្រោះជានិច្ចកាល នាង​តែងតែបង្ហោះរូបភាពស្វិតៗ ជាមួយម្ចាស់ស្នេហ៍រហូត។ ក្នុងនោះ ហែមថុន វិទិនី និយាយថា «បុរសជិះសេះស ដែលអាចយកបេះដូងរបស់នាង និងកសាងជីវិតគ្រួសារ នៅថ្ងៃអនាគតជាមួយនាងបាន គឺជាបុរសដែលមានអាជីពជាអ្នកកីឡា ពោលគឺឲ្យតែជាកីឡាករ គឺនាង ស្រឡាញ់ មិនថា ហែលទឹក បាល់ទាត់ បាល់ទះនោះទេ»

​គួរជម្រាបថា កញ្ញា ហែម ថុនវិទិនី ដោយសារទឹកចិត្តស្រឡាញ់ វិស័យកីឡាហែលទឹក ក្រៅពីមានអាជីពពិតប្រាកដ ជាអ្នកហែលទឹកហើយនោះ បច្ចុប្បន្ន​ក៏ធ្វើជាគ្រូបង្រៀនហែលទឹក ដល់ក្មេងៗជំនាន់ក្រោយផងដែរ។ កីឡាការិនីរូបនេះ មានទឹកចិត្តយ៉ាងមុតមាំ ចង់អភិវឌ្ឍន៍វិស័យមួយនេះ ឲ្យកាន់តែរីកចម្រើននាពេលអនាគត ដោយក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នាងបានស្នើ​សុំរាជរដ្ឋាភិបាល និង​ស្ថាប័នពាក់ព័ន្ធ ជួយបង្កើតអាងហែលទឹកឲ្យបានច្រើន គ្រប់ខេត្តក្រុង ពោលគឺសាងសងនៅតាមសាលារៀនជាដើម ដោយនាងមើលឃើញថា ក្មេងៗជំនាន់ក្រោយ អាចមានទេពកោសល្យ ហែលទឹកពីកំណើត ហើយបើបង្រៀនបន្ថែមនឹងរីកចម្រើនជាមិនខាន៕