(បន្ទាយមានជ័យ)៖ ទេសរដ្ឋមន្ដ្រី សេរី កុសល អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែសីហា​ ឆ្នាំ២០១៨នេះ បានចុះសំណេះសំណាល និងសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ នៅតាមភូមិនានា ក្នុងមូលដ្ឋានស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលទទួលបានសម្លេងបោះឆ្នោត គាំទ្រដ៏ច្រើនលើសលុប។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី សេរី កុសល បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងពីរ តែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ និងបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋឥតឈប់ ឈរ និងគ្រប់កាលៈទេសៈ។

ទេសរដ្ឋមន្ដ្រី សេរី កុសល បានលើកឡើងថា ការចុះសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋនេះ គឺធ្វើឡើងស្របតាមតាមអនុសាសន៍ ណែនាំពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលឲ្យមន្ដ្រី គណបក្សប្រជាជនកម្ពុជា សម្រុកចុះទៅតាមមូលដ្ឋាន របស់ប្រជាពលរដ្ឋ។

ជាមួយគ្នានោះ ទេសរដ្ឋមន្ដ្រី សេរី កុសល បានចាត់ឲ្យក្រុមការងារ រៀបចំកម្មវិធីជប់លៀង ពិសារអាហារសាមគ្គី ចាក់បាស់ រាំច្រៀង នៅតាមភូមិនានា ប្រកបដោយក្ដីសប្បាយរីករាយយ៉ាងក្រៃលែង ដោយក្នុងនោះលោក ក៏បានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ ដើម្បីកំសាន្ដសប្បាយជាមួយបងប្អូនប្រជាជន ដែលរស់នៅទីនោះផងដែរ។

លោកទេសរដ្ឋមន្ត្រី ក៏បានឧបត្ថម្ភការសាងសង់សាលាបុណ្យបីកន្លែងនៅបីភូមិ រួមទាំងថវិកាមួយចំនួនទៀតផងដែរ។

សូមជម្រាបថា ទេសរដ្ឋមន្ដ្រី សេរី កុសល រួមជាមួយលោក ខាន់ សាវឿន, លោក ឈឹម សាខន និងលោក នៃ ប៉ាត់ និងសហការី បានចុះមកសំណេះសំណាល នឹងសួរសុខទុក្ខប្រជាពលរដ្ឋ នៅមូលដ្ឋានស្រុកថ្មពួក និងនៅតាមភូមិឆ្ងាយៗ រយៈពេល៣ថ្ងៃហើយ ពោលចាប់ពីថ្ងៃទី១០ ខែសីហា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨នេះ៕