(កូរ៉េ)៖ សូមអបអរសាទរ! បន្ទាប់ពីជាប់ជាកីឡាការិនីជម្រើសជាតិ និងជាសមាជិកសហព័ន្ធកីឡាស្នូកឃ័ររបស់កម្ពុជា ពេលនេះកីឡាការិនី ស្រួង ភាវី បានពេញសិទ្ធិតំណាងឲ្យកម្ពុជា ទៅប្រកួតពានរង្វាន់ពិភពលោកឆ្នាំ២០១៨ ជាលើកដំបូងហើយ។ នេះបើតាមមន្រ្តីស្ថានទូតខ្មែរនៅកូរ៉ខាងត្បូង បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨។

នៅល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង រួមជាមួយលោក វ៉ាត់ ចម្រើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក បានជួបពិភាក្សាការងារ ជាមួយនឹងលោក Samhyun Nam ប្រធានសហព័ន្ធកីឡាបីយ៉ាកូរ៉េ និងជាប្រធានសហព័ន្ធកីឡា បីយ៉ាខារ៉ុម (Carom Billiard) អាស៊ី។

នៅក្នុងឱកាសនោះលោក វ៉ាត់ ចម្រើន និងលោក ឡុង ឌីម៉ង់ បានស្នើសុំឱ្យសហព័ន្ធកីឡាបីយ៉ាកូរ៉េ ជួយជាជំនួយបច្ចេកទេស និងឧបករណ៍សំភារៈផ្សេងៗ ដល់សហព័ន្ធកីឡាស្នូកឃ័រកម្ពុជា ដោយហេតុតែកីឡាប្រភេទនេះ នៅកម្ពុជាមិនទាន់រីកចម្រើនខ្លាំងនៅឡើយ។

គួរបញ្ជាក់ផងដែរថា កីឡាការិនី ស្រួង ភាវី ជម្រើសជាតិកម្ពុជា និងជម្រើសជាតិជប៉ុន និងកូរ៉េ នឹងតំណាងឲ្យកីឡាការិនីអាស៊ី ដើម្បីទៅចូលរួមការប្រកួតពិភពលោកនៅចុងខែកញ្ញានេះ នៅប្រទេសតួកគី។ បើតាមការបន្ថែមរបស់លោក វ៉ាត់ ចម្រើន នៅឆ្នាំ២០២៣ ពេលដែលធ្វើជាម្ចាស់ផ្ទះរៀបចំកីឡា Asian Games កម្ពុជានឹងបន្ថែមវិញ្ញាសារកីឡាស្នូកឃ័រ សម្រាប់ការប្រកួតជាលក្ខណៈអន្ដរជាតិនៅកម្ពុជា៕