(កណ្តាល)៖ បើទោះបីលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រផ្លូវការមិនទាន់ចេញយ៉ាងណាក្តី តែគម្រោងអភិវឌ្ឍន៍ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋនៅក្នុងស្រុកកោះធំមិនបានរង់ចាំតាមលទ្ធផលនោះឡើយ ពោលត្រូវបានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលប្រធានគណៈពង្រឹងការងារថ្នាក់ជាតិនៅក្នុងអាណត្តិចាស់នោះ បន្តដាក់ចេញ និងចង្អុលបង្ហាញជាហូរហែ។
ក្នុងជំនួបជាមួយសមាជិក សមាជិក គណៈពង្រឹងការងារនៅថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ លោក ស៊ុន ចាន់ថុល បានលើកបង្ហាញអំពីគម្រោងសាងសង់ផ្លូវបេតុងជាច្រើនខ្សែបំពាក់ដោយអំពូលភ្លើងសូឡាបំភ្លឺពេលយប់ ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ។
ក្រៅពីសាងសង់ផ្លូវបេតុង និងបំពាក់អំពូលភ្លើង លោក ស៊ុន ចាន់ថុល ក៏បានបង្ហាញពីគម្រោងសាងសង់អាងហែលទឹកដើម្បីហ្វឹកហាត់កីឡាករត្រៀមចូលរួមការប្រកួតកីឡាអាស៊ានឆ្នាំ២០២៣ខាងមុខ និងគម្រោងនាំអ្នកកោះធំជិះរថភ្លើងស្វែងយល់ពីការរីកចម្រើនរបស់ប្រទេសជាតិផងដែរ។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជំរុញឲ្យសមាជិកក្រុមការងារថ្នាក់ជាតិបំពេញការងារបម្រើប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរ។ លោកប្រធានក្រុមការងារថ្នាក់ជាតិរូបនេះ ក៏បានសំណូមពរឲ្យអាជ្ញាធរមូលដ្ឋានលើកយកបញ្ហាជាកង្វល់របស់ប្រជាពលរដ្ឋមកពិនិត្យ និងដោះស្រាយក្នុងនាមជាអ្នកបម្រើរាស្ត្រ ដើម្បីឲ្យពួកគាត់សប្បាយចិត្ត នឹងផ្តល់ទំនុកចិត្តបន្ថែមទៀត។
សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់មន្រ្តីគណបក្សប្រជាជនកម្ពុជា ក៏ដូចជាមន្រ្តីរាជរដ្ឋាភិបាលក្នុងអាណត្តិ ត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ក្នុងការបម្រើប្រជាពលរដ្ឋ និងដើម្បីអភិវដ្ឍន៍ជាតិ ពោលធ្វើយ៉ាងណាឲ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ។ សម្តេចនាយករដ្ឋមន្ត្រី បានអះអាងថា មិនត្រូវនាំគ្នាជិះសេះលែងដៃ ដែលនាំឲ្យប្រជាពលរដ្ឋខកចិត្តចំពោះការគាំទ្ររបស់ពួកគេមកលើគណបក្សប្រជាជននោះឡើយ៕