(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំដល់មន្រ្តីក្រោមឱវាទទាំងអស់ ទាំងរាជការស៊ីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ត្រូវបន្តខិតខំធ្វើការបម្រើប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព តាមភារកិច្ច តួនាទីរៀងៗខ្លួន ក្រោយគណបក្សប្រជាជនកម្ពុជា ត្រូវបានប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់ទូទាំងប្រទេស បានផ្តល់សេចក្តីទុកចិត្ត និងបានបោះឆ្នោតជូនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។
នៅលើទំព័រ Facebook ផ្លូវការនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចក្រឡាហោម ស ខេង បានថ្លែងថា «ក្នុងនាមក្រសួងមហាផ្ទៃ ខ្ញុំសូមថ្លែងនូវការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះឯកឧត្តម លោក ជំទាវ អស់លោក លោកស្រីដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច ទទួលបានជោគជយ័យ៉ាងធំធេង ជូនប្រទេសជាតិ និងប្រជាជនយើងតាមតួនាទីភារកិច្ចរៀងៗខ្លួន ជាពិសេសកិច្ចការទាំងឡាយ ដែលទាក់ទងដល់ការបំរើការបោះឆ្នោតជាតិ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ»។
សម្តេចក្រឡាហោម បានចាត់ទុកថា សមិទ្ធិផល និងស្នាដៃទាំងអស់ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ មិនអាចខ្វះបានដែលធ្វើឲ្យរាជរដ្ឋភិបាលនីតិកាលទី៥ នៃរដ្ឋសភា២០១៣-២០១៨ ទទួលបានជោគជយ័យ៉ាងធំធេងជាប្រវតិ្តសាស្រ្ត ពិសេសសុខសន្តិភាព ស្ថរភាព សន្តិសុខសណ្តាប់សារធារណៈ ការពារបាននូវបូរណភាពទឹកដី អធិបតេយ្យជាតិ ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងជីវភាពរស់របស់ប្រជាពលរដ្ឋ។
«ប៉ុន្តែទោះបីយ៉ាងនេះក៏ដោយ យើងត្រូវមើលឃើញថា បញ្ហាប្រឈមនៅចំពោះមុខយើងនៅមានជាច្រើនទៀត ដែលរាជរដ្ឋាភិបាលអាណត្តិទី៦ (២០១៨-២០២៣) ត្រូវដោះស្រាយ ពិសេសការបន្តពង្រឹង សុខសន្តិភាព ស្ថេរភាព និងការអភិវឍ្ឍន៍ជនបទបំរើដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋពិសេស ផ្លូវ ភ្លើង ទឹកស្រោចស្រប់ ទឹកស្អាត និងអនាមយ័ជនបទ»។
សម្តេចក្រឡាហោម បានបញ្ជាក់ថា «ក្នុងន័យនេះ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ឯកឧត្ត លោកជំទាវ អស់លោកលោកស្រី បានត្រៀមខ្លួនជាស្រេចដើម្បីចូលប្រឡូក ក្នុងកិច្ចការខាងលប្រកបដោយ ការទទួលខុសត្រូវ និងប្រកបដោយឆន្ទៈយ៉ាងមុះមុតបំផុតលើកតម្កើន ផលប្រយោជន៍ជាតិធំជាងអ្វីៗទាំងអស់ ធ្វើអ្វីៗដែលជាអំពើល្អ មិនបែងចែក មិនបក្សពួកនិយម មិនគ្រួសារនិយម ប្រឆាំងអំពើពុករលួយ មិនប្រើអំណាចដោយរំលោភ...»៕