(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨នេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី, លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌ និងលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះចែកអំណោយជាឧបភោគបរិភោគ និងសម្ភារ ជូនប្រជាជនចំនួន៧៥០គ្រួសារ ដែលត្រូវទឹកជន់លិច មកពីភូមិចំនួន០៤ ក្នុងឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្ដកំពង់ចាម។
ប្រឈមនឹងគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរជាច្រើនខេត្ដ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា, សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា និងឥស្សរជនគណបក្សប្រជាជនជាច្រើន បានរួមគ្នាជាចលនាជួយ ប្រជាជនដែលរងគ្រោះដោយទឹកជំនន់។
ជាក់ស្តែងនេះ ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង និឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី ក៏បានចូលរួមចលនាជាតិនេះ ដែលបង្ហាញឲ្យឃើញថា គណបក្សប្រជាជនកម្ពុជា ជានិច្ចជាកាលតែងតែរួមសុខរួម ទុក្ខជាមួយបងប្អូនប្រជាជនយើង ដោយនាំមកជូនបងប្អូនរងគ្រោះនៅភូមិចំនួន០៤រួមមាន៖ ភូមិទួលក្ដុក, ភូមិទួលធាតុ, ភូមិទួលកំពត និងភូមិវាល ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ដែលមានចំនួន៧៥០គ្រួសារ ដូចជា គ្រឿងឧបភោគបរិភោគខ្លះ និងសម្ភារដែលត្រូវការខ្លះ។
ឆ្លៀតឱកាសនោះ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ អ្នកទៅចូលរួមបោះឆ្នោតមានចំនួន៨៣.០២% រហូតទទួលបានចំណាត់ថ្នាក់លេខ២នៅលើពិភពលោក ដែលជាប្រទេសមានប្រជាជនចូលរួមបោះឆ្នោតបានច្រើនជាងគេ។
ទទ្ទឹមនឹងនេះលោក គួច ចំរើន បានបញ្ជាក់ថា រហូតមកដល់ពេលនេះក្រុង-ស្រុកចំនួន៧នៅទូទាំងខេត្តកំពង់ចាម ដែលរងគ្រោះដោយសារតែទឹកជំនន់ទន្លេមេគង្គ ដែលបង្កផលប៉ះពាល់ ដល់ប្រជាពលរដ្ឋប្រមាណ២៧០០០គ្រួសារ, បង្កផលប៉ះពាល់ដល់ផ្ទៃដីស្រែស្រូវប្រមាណ៤០០០ហិកតា និងដំណាំផ្សេងៗទៀតប្រមាណ១៥០០ហិកតា, បង្កការលិចលង់វត្តអារាមនៅតាមតំបន់ទំនាបអស់មួយចំនួន និងជាពិសេសបានធ្វើឱ្យពលរដ្ឋចំនួន១០នាក់ បានស្លាប់ និងចំនួន២១នាក់ផ្សេងទៀតត្រូវរងគ្រោះដោយសារសត្វអាសិរពិសខាំផងដែរ។
ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង ក៏បានរំលឹកអំពីការប្ដេជ្ញាចិត្ដរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការរក្សាសន្ដិភាព ការអភិវឌ្ឍ បញ្ចុះតម្លៃអគ្គិសនី ក្នុងឆ្នាំ២០១៩ ហើយនៅឆ្នាំ២០២០ អគ្គិសនីរដ្ឋ និងតភ្ជាប់ដល់គ្រប់ភូមិ។
សម្ដេចតេជោ ហ៊ុន សែន បានសន្យាតំឡើងប្រាក់បៀវត្សរ៍ដល់មន្ដ្រីរាជការស៊ីវិល ទាហាន នគរបាល និងកម្មករ/កម្មការិនីជារៀងរហូតពីមួយឆ្នាំទៅមួយឆ្នាំ ហើយកម្មករ/កម្មការិនី នឹងបានទទួលនូវ របបសោធននិវត្ដន៍ចាប់ពីឆ្នាំ២០១៩ទៅ។
ទាំងនេះសបញ្ជាក់ឱ្យឃើញពីទឹកចិត្តស្រឡាញ់ និងយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចការតែងតាំងចាត់ឱ្យមន្ត្រីរបស់ខ្លួន ចុះជួបសំណេះសំណាលដល់ខ្នងផ្ទះ ដើម្បីស្វែងយល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ។
ជាក់ស្តែង ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណបក្សប្រជាជនកម្ពុជា អ្នកដឹកនាំបានជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ដោយគ្មានប្រកាន់គណបក្សនយោបាយណាឡើយ ព្រោះសម្ដេចតែងតែយកចិត្តទុកដាក់ជានិច្ច និងជួយស្រោចស្រង់អាយុជីវិតមនុស្សលោកទាំងអស់ នៅពេលមានគ្រោះមហន្តរាយទាំងឡាយ ដោយកើតពីគ្រោះធម្មជាតិផ្សេងៗ ឬដែលប៉ះពាល់មកលើទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ៕