(ភ្នំពេញ)៖ តើអ្វីទៅជាចំណងរួមភ្ជាប់សញ្ជាតិទៅនឹងរដ្ឋជាមួយស្ថានភាពជាក់ស្តែងដែលបុគ្គលមួយមាន ក្នុងក្រុមគ្រួសាររបស់ខ្លួន និងក្នុងសង្គមជាតិ ដែលបង្កើតបានជាសិទ្ធិ និងករណីយកិច្ច ? ចម្លើយគឺសំបុត្រអត្រានុកូលដ្ឋាន ប៉ុន្តែក្នុងពេលបច្ចុប្បន្ន ប្រជាពលរដ្ឋមួយចំនួនមានការភាន់ច្រឡំថា សំបុត្រអត្រានុកូលដ្ឋាន គឺជាសំបុត្រកំណើត ឬត្រឹមតែជាសំបុត្រមរណភាព។

កម្មវិធីយល់ដឹងផ្នែកច្បាប់បានលើកយកប្រធានបទស្តីពី «អត្រានុកូលដ្ឋាន» យកមកធ្វើការបង្ហាញជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សនិស្សិតឲ្យបានយល់កាន់តែច្បាស់ អំពីសារៈសំខាន់នៃអត្រានុកូលដ្ឋានដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងការប្រកបរបរប្រចាំថ្ងៃ។ នៅសប្តាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ នឹងលើកយកប្រធានបទស្តីពី «អត្រានុកូលដ្ឋាន» មកធ្វើការបកស្រាយដូចខាងក្រោម៖

អត្រានុកូលដ្ឋានរបស់បុគ្គលម្នាក់សំដៅលើស្ថានភាពបី គឺកំណើត អាពាហ៍ពិពាហ៍ និងមរណភាព បើយោងតាមមាត្រា២ នៃអនុក្រឹត្យលេខ១០៣ អន ក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០០ ស្តីពីអត្រានុកូលដ្ឋាន បញ្ញត្តិថា អត្រានុកូលដ្ឋាន គឺជាចំណងភ្ជាប់សញ្ជាតិទៅនឹងរដ្ឋ និងស្ថានភាពជាក់ស្តែង ដែលជននោះមាននៅក្នុងត្រកូលគ្រួសារខ្លួន និងសង្គមជាតិ និងដែលបង្កើតជននោះមានសិទ្ធិ និងករណីយកិច្ច។ ចំណែកឯសំបុត្រអត្រានុកូលដ្ឋាន គឺជាសំបុត្រសម្រាប់កត់ត្រាភាពជាស៊ីវិលនៃពលរដ្ឋខ្មែរ និងជនបរទេសដែលរស់នៅស្របច្បាប់ ក្នុងដែនសមត្ថកិច្ចកំណត់ នៃច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។

អនុលោមតាម អនុក្រឹត្យលេខ១០៣ អន ក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០០ ស្តីពីអត្រានុកូលដ្ឋានបញ្ញត្តិថា សំបុត្រអត្រានុកូលដ្ឋានមាន៣ ប្រភេទដូចខាងក្រោម៖

១. សំបុត្រកំណើត៖ បើមានទារកកើតឪពុក ឬម្តាយមានកាតព្វកិច្ចត្រូវរាយការណ៍ ចុះសៀវភៅកំណើតនៅចំពោះមុខមន្រ្តីអត្រានុកូលដ្ឋាននៅសាលាឃុំ ឬសង្កាត់នៃលំនៅឋាន របស់ឪពុក/ម្តាយរបស់ទារកនោះមិនឲ្យហួស ៣០ ថ្ងៃ ដោយបញ្ជាក់ឲ្យបានច្បាស់ថាឪពុក/ម្តាយរបស់ទារកនោះបានរៀបអាពាហ៍ពិពាហ៍ស្របតាមច្បាប់ ឬមិនបានរៀប អាពាហ៍ពិពាហ៍ស្របតាមច្បាប់ ក្នុងករណី ឪពុក/ម្តាយរបស់ទារកនោះ បានរៀបអាពាហ៍ពិពាហ៍ស្របតាមច្បាប់ត្រូវបង្ហាញសំបុត្រអាពាហ៍ពិពាហ៍ (យោងមាត្រា ១៧ នៃអនុក្រឹត្យលេខ១០៤ អន ក្រ.បក)។

ប្រសិនបើ ឪពុក/ម្តាយរបស់ទារកនោះទុកឲ្យហួសរយៈពេល ៣០ថ្ងៃ ហើយពុំទាន់មានសំបុត្រកំណើតប្រើប្រាស់ សាម៉ីខ្លួន ឬឪពុក ឬម្តាយ ឬអាណាព្យាបាល ត្រូវប្តឹងសុំចុះ សៀវភៅអត្រានុកូលដ្ឋានបញ្ជាក់កំណើត(សំបុត្របញ្ជាក់កំណើត) នៅសាលាឃុំ/សង្កាត់សាម៉ី ដែលខ្លួនរស់នៅពិតប្រាកដ ដោយនាំទៅជាមួយនូវសាក្សី០២រូប ជានីតិជន ហើយត្រូវមានទីលំនៅពិតប្រាកដមកបញ្ជាក់ចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាន។

២. សំបុត្រអាពាហ៍ពិពាហ៍៖ បុរសនារីដែលមានបំណងរៀបអាពាហ៍ពិពាហ៍ ត្រូវដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ទៅមន្រ្តីអត្រានុកូលដ្ឋាននៃឃុំ/សង្កាត់នៃលំនៅឋានសាម៉ីខ្លួនខាងនារី។ ចំពោះ បុរស នារីដែលបានរួមរស់នៅជាមួយគ្នាក្នុងស្ថានភាពជាប្តីប្រពន្ធ ឬ បានរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីរួចហើយ ប៉ុន្តែពុំបានចុះសំបុត្រអាពាហ៍ពិពាហ៍ ដើម្បីឲ្យការរស់នៅ ជាមួយគ្នា មានស្ថានភាពស្របតាមច្បាប់ សាម៉ីខ្លួនទាំងពីររូបត្រូវដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ទៅមន្រ្តីអត្រានុកូលដ្ឋានឃុំ/សង្កាត់ នៃលំនៅដ្ឋានដែលខ្លួនរស់នៅពិតប្រាកដ។

ក្រោយពីដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ ក្នុងករណីដែលមន្ត្រីអត្រានុកូលដ្ឋានពិនិត្យឃើញថាត្រឹមត្រូវ មន្ត្រីអត្រានុកូលដ្ឋាននឹងចេញប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ ដែលប័ណ្ណនេះ ត្រូវបិទប្រកាសរយៈពេល១០ថ្ងៃ មុនថ្ងៃរៀបអាពាហ៍ពិពាហ៍តាមប្រពៃណី ឬថ្ងៃចុះបញ្ជីអាពាហ៍ពិពាហ៍ នៅលំនៅដ្ឋានខាងបុរស និងស្រ្តី ដើម្បីឲ្យអ្នកដែលមានផលប្រយោជន៍ ពាក់ព័ន្ធក្នុងរឿងនោះ អាចប្តឹងជំទាស់នឹងអាពាហ៍ពិពាហ៍នោះបាន។ ក្រោយផុតរយៈពេល១០ថ្ងៃ អាពាហ៍ពិពាហ៍ អាចធ្វើទៅបានបើគ្មានការប្តឹងជំទាស់សាម៉ីខ្លួនទាំង ២ នាក់អាចសុំចុះសៀវភៅអត្រានុកូលដ្ឋានអាពាហ៍ពិពាហ៍ និងសុំចុះសំបុត្រពាហ៍ពិពាហ៍(អេតាស៊ីវិល) ដោយនាំទៅជាមួយនូវសាក្សី០២រូប ជានីតិជនដែលចាត់ទុកថា ជាការរៀបអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់។

៣. សំបុត្រមរណភាព៖ ពេលមានអ្នកស្លាប់ភ្លាមក្រុមគ្រួសារ ឬសាច់ញាតិ ឬ អ្នកជិតខាង ឬ អ្នកមានភារកិច្ចនៅក្រសួងស្ថាប័ន អង្គភាពរបស់អ្នកស្លាប់ ត្រូវរាយការណ៍ជូនមន្រ្តី អត្រានុកូលដ្ឋានសាលាឃុំ/សង្កាត់នៃទីកន្លែងរស់នៅជាប់លាប់របស់អ្នកស្លាប់ឲ្យទាន់រយៈពេល ១៥ ថ្ងៃ ក្រោយពីថ្ងៃដែលទទួលមរណភាព។ មន្ត្រីអត្រានុកូលដ្ឋាន និងផ្តល់សំបុត្រ មរណភាពច្បាប់ដើមចំនួនមួយសន្លឹកដោយឥតគិតថ្លៃ ជូនចំពោះក្រុមគ្រួសារ ឬ សាច់ញាតិដែលមករាយការណ៍ចុះសៀវភៅអត្រានុកូលដ្ឋានមរណភាពឲ្យអ្នកស្លាប់ ក្នុងរយៈពេល ១៥ ថ្ងៃ។

ក្នុងករណីក្រុមគ្រួសារ ឬសាច់ញាតិ មិនបានទៅរាយការណ៍ដល់មន្ត្រីអត្រានុកូលដ្ឋានក្នុងអំឡុងពេល១៥ថ្ងៃ ត្រូវអនុវត្តដូចខាងក្រោម៖
* បើយឺតយ៉ាវជាងរយៈពេល ១៥ ថ្ងៃ នៅក្នុងឆ្នាំពុំបានទៅរាយការណ៍ ដល់មន្ត្រីអត្រានុកូលដ្ឋាន ក្រុមគ្រួសារ ឬ សាច់ញាតិ ត្រូវប្តឹងសុំទៅ មេឃុំ/ចៅសង្កាត់ នៃលំនៅឋានរបស់អ្នកស្លាប់ ។

* ករណីយឺតយ៉ាវលើសពី ១ឆ្នាំ ហើយនៅតែពុំទាន់បានទៅរាយការណ៍ដល់មន្ត្រីអត្រានុកូលដ្ឋាន ក្រុមគ្រួសារ ឬសាច់ញាតិ ត្រូវប្តឹងសុំសាលក្រមពីសាលាដំបូង (តុលាការ) រាជធានី/ខេត្ត រួចយកសាលក្រមនោះមកសុំមន្ត្រីអត្រានុកូលដ្ឋានឃុំ/សង្កាត់នៃអ្នកស្លាប់ ដើម្បីចុះបញ្ជីអត្រានុកូលដ្ឋាន។ សំបុត្រអត្រានុកូលដ្ឋានផ្តល់នូវសារប្រយោជន៍ សំខាន់ពីរយ៉ាងគឺចំពោះសង្គមជាតិ និងពលរដ្ឋខ្មែរ និងជនបរទេសដែលរស់នៅស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៖

* ចំពោះសង្គមជាតិ
* ជួយពង្រឹងនីតិរដ្ឋ និងជួយកសាងប្រទេស៖ មានន័យថាសំបុត្រអត្រានុកូលដ្ឋានជាចំណែកមួយក្នុងការអនុវត្តច្បាប់ព្រោះថា ប្រសិនបើប្រជាពលរដ្ឋមានសំបុត្រ អត្រានុកូលដ្ឋានគ្រប់គ្នានោះការប្រតិបត្តិច្បាប់ និងការដំណើរការរបស់ស្ថាប័ននានា នឹងប្រព្រឹត្តទៅដោយរលូន ព្រមទាំងមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

* ជួយពង្រឹងសន្តិសុខសង្គម និងប្រទេសជាតិ៖ មានន័យថាសំបុត្រអត្រានុកូលដ្ឋានបានបញ្ជាក់អំពីអត្តសញ្ញាណរបស់បុគ្គលជាមួយទំនាក់ទំនងច្បាប់របស់ប្រទេស ហើយសំបុត្រអត្រានុកូលដ្ឋាន ក៏ជាសំណុំឯកសារយ៉ាងសំខាន់សម្រាប់ដំណើរការនីតិវិធីរបស់តុលាការផងដែរ ។

* ចំពោះពលរដ្ឋខ្លួនឯង
* សម្រាប់បញ្ជាក់អំពីចំណងសាច់ញាតិក្នុងរង្វង់គ្រួសារ
* សម្រាប់ធ្វើរាល់ឯកសារមួយចំនួនដូចជា ស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណ និង លិខិតឆ្លងដែនជាអាទិ៍
* សម្រាប់ដាក់ពាក្យស្នើសុំចូលបម្រើការងារនៅតាមក្រុមហ៊ុន ឬដាក់ពាក្យប្រឡងចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋជាអាទិ៍ ។
* សម្រាប់ចុះឈ្មោះបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោតជាអាទិ៍
* សម្រាប់ចុះឈ្មោះចូលរៀនតាមគ្រឹះស្ថានសិក្សានានារបស់ស្ថាប័នរដ្ឋ និងឯកជន
* សម្រាប់ពេលសវនាការ ឬពេលដោះស្រាយវិវាទ
* សម្រាប់ការស្នើសុំធ្វើលិខិតថ្កោលទោសជាដើម ។

ការមិនបានចុះសៀវភៅអត្រានុកូលដ្ឋាននាំឲ្យពលរដ្ឋបាត់បង់អត្តសញ្ញាណផ្ទាល់ខ្លួន។ ការបាត់បង់នេះអាចនឹងបង្កការលំបាកក្នុងសង្គមពាក់ព័ន្ធនឹងផលប្រយោជន៍ផ្ទាល់ខ្លួន របស់ប្រជាពលរដ្ឋ និងខកខានមិនបានបំពេញករណីយកិច្ចចំពោះគ្រួសារ ក៏ដូចជាសង្គមជាតិ ជាពិសេសពាក់ព័ន្ធក្នុងនីតិវិធីតុលាការដែរ។

រៀបរៀងដោយលោក ថន យូសៀង ប្រធានផ្នែកសេវាកម្មច្បាប់ និងលោក លាង ប៊ុនឡេង សមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ៕