(ភ្នំពេញ)៖ ទីបំផុតគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសកម្ពុជា ត្រូវបានបង្ហាញផ្លូវការហើយ គឺលោក Keisuke HONDA ។ នេះបើតាមការបង្ហាញ និងប្រកាសតែងតាំងផ្លូវការ ក្នុងសន្និសីទសារព័ត៌មាន ដែលធ្វើឡើងក្រោមវត្តមានលោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ នេះ ។
គួរបញ្ជាក់ថា សម្រាប់ភារកិច្ចចំពោះមុខរបស់គ្រូបង្វឹកថ្មីរូបនេះ គឺផ្ដោតលើការប្រកួតពានរង្វាន់កម្រិតតំបន់ដ៏ធំមួយ គឺពានរង្វាន់ AFF Suzuki Cup 2018 ដែលនឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី០៨ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ខាងមុខ ដែលសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍(AFF) បានរៀបចំកម្មវិធីចាប់ឆ្នោតបែងចែកពូលកាលពីពេលកន្លងទៅ ដោយកម្ពុជាស្ថិតក្នុងពូលA ជាមួយក្រុមខ្លាំងវៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ។
នេះជាលើកដំបូងសម្រាប់អតីតកីឡាករក្រុមជម្រើសជាតិជប៉ុន វ័យ៣២ឆ្នាំ ដែលវិវត្តន៍ក្លាយជាគ្រូបង្វឹក និងជាកីឡាករជោគជ័យមួយរូបកាលលេងអោយក្លឹបយក្យអ៊ីតាលី AC Milan មុនផ្លាស់ទៅលេងនៅមិចសិក ក្នុងក្លឹប Pachuca និងចុងក្រោយលេងនៅអូស្ត្រាលី ក្នុងក្លឹប Melbourne Victory។
បុរសវ័យ ៣២ឆ្នាំ Honda ទើបតែបានប្រកាសលាឈប់ពីក្រុមជម្រើសជាតិសាម៉ូរៃខៀវជប៉ុន ក្រោយបញ្ចប់ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី ដោយធ្លាក់ត្រឹមវគ្គ១៦ក្រុម ក្រោមថ្វីជើងរបស់ប៊ែលហ្ស៊ិក៕