(ត្បូងឃ្មុំ)៖ នៅថ្ងៃសៅរ៍១៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូអមដំណើរ អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ ២,៦៧១គ្រួសារ ដែលរស់នៅភូមិចំនួន១០ នៃឃុំកំពង់ទ្រាស និងឃុំកោះពីរ នៃស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ការចុះសួរសុខទុក្ខនេះ បានធ្វើឡើងនៅទួលសុវត្ថិភាពចំការគរ ដែលស្ថិតនៅក្នុងភូមិទី៥ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្ដត្បូងឃ្មុំ។ជាមួយនឹងការចែកអំណោយជូន ប្រជាពលរដ្ឋរងគ្រោះដោយផ្ទាល់ចំនួន ២,៦៧១គ្រួសារខាងលើនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ នូវស្បៀង និងសម្ភារប្រើប្រាស់ចំនួន ១,៣៦៦គ្រួសារ សម្រាប់ចែកជូនប្រជាពលរដ្ឋរងគ្រោះនៅ ឃុំព្រែកអាជី (មាន៦ភូមិ) ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
គ្រួសារនីមួយៗទទួលបាន៖ អង្ករ៣០គក្រ មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ ទឹកសុទ្ធ១ដប នំបុ័ង១ដើម។ ជាមួយគ្នានេះ គ្រួសារនីមួយៗ នៅទទួលបានក្រណាត់ស១ដុំ និងថវិកា១ម៉ឺនរៀលទៀត ជាអំណោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់គិតគូរពីសុខភាព អនាម័យ ដោយត្រូវប្រើប្រាស់ទឹកស្អាត និងពិសាទឹកដាំពុះ និងប្រុងប្រយ័ត្នចំពោះសត្វអាសិរ្ពិសគ្រប់ប្រភេទ ហើយឆាប់ប្រកបមុខរបរបង្កបង្កើនផល ដើម្បីលើកស្ទួយជីវភាពគ្រួសារឡើងវិញ នៅក្រោយពេលទឹកស្រក។ទន្ទឹមនឹងនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏ណែនាំឲ្យប្រជាពលរដ្ឋ ត្រូវចេះស្រលាញ់ រាប់អានគ្នា និងសាមគ្គីភាព ដោយកុំប្រកាន់រើសអើងជាតិសាសន៍គ្នា ដើម្បីរួមគ្នាបន្ដអភិវឌ្ឍភូមិឃុំឲ្យកាន់តែមានល្អប្រសើរឡើង ។ ហើយកាកបាទក្រហមកម្ពុជា ក៏នៅតែរួមសុខ រួមទុក្ខ និងនាំមកនូវអំណោយមនុស្សធម៌ រួមមានស្បៀង និងសម្ភារប្រើប្រាស់ ដែលបានមកពីសប្បុរសជនជាតិ និងអន្តរជាតិ ជាពិសេស ក្នុងទិវា ៨ ឧសភា ចែកជូនដល់ប្រជាពលរដ្ឋដែលជួបទុក្ខលំបាកគ្រប់ទីកន្លែង និងទាន់ពេលវេលា ។
ក្នុងឱកាសនោះផងដែរ លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ខេត្តត្បូងឃ្មុំ មានក្រុង១ គឺក្រុងសួង និងស្រុក៦ គឺស្រុកត្បូងឃ្មុំ អូររាំងឪ តំបែរ ពញាក្រែក មេមត់ និងស្រុកក្រូចឆ្មារ និងមានប្រជាពលរដ្ឋជាង១៨ម៉ឺនគ្រួសារ ស្មើនឹងជាង៨២ម៉ឺននាក់។ លោកបានលើកឡើងថា ស្រុកមួយចំនួននៅខេត្តត្បូងឃ្មុំ តែងតែទទួលរងឥទ្ធិពលគ្រោះធម្មជាតិខ្យល់កន្ត្រាក់ជាញឹកញាប់ ដូចជាស្រុកត្បូងឃ្មុំអូររាំងឪ តំបែរ មេមត់និងស្រុកក្រូចឆ្មារ។ ដោយឡែកស្រុកត្បូងឃ្មុំ ក្រូចឆ្មារ និងមួយផ្នែកនៃស្រុកអូររាំងឪ តែងតែជួបផលប៉ះពាល់ ដោយគ្រោះទឹក ជំនន់ទន្លេមេគង្គ។
ចាប់ពីចុងខែកក្កដា២០១៨កន្លងមកនេះ ទឹកទន្លេបានចាប់ផ្តើមឡើងបណ្តើរៗ គិតត្រឹមថ្ងៃទី២ខែសីហា២០១៨ ធ្វើឲ្យប៉ះពាល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋចំនួន១,៤៤២គ្រួសារ នៅក្នុងឃុំចំនួន៣នៃស្រុកត្បូងឃ្មុំ ។ដោយឡែកនៅស្រុកក្រូចឆ្មារ មានឃុំចំនួន៣ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ គឺឃុំកោះពីរមានប្រជាពលរដ្ឋចំនួន៦០៣គ្រួសារ ឃុំកំពង់ទ្រាស២,០៦៨គ្រួសារ ឃុំព្រែកអាជី១,៣៦៦គ្រួសារសរុបទាំងបីឃុំមាន៤,០៣៧គ្រួសារ ហើយបងប្អូនដែលអញ្ជើញមកផ្ទាល់ នៅទីទួលនាពេលនេះមានចំនួន២ឃុំគឺឃុំកោះពីរ និងឃុំកំពង់ទ្រាសសរុវ២,៦៧១គ្រួសារ ក្នុងនោះបងប្អូនខ្មែរឥស្លាមមាន១,៣៥០គ្រួសារ។
ក្រៅពីការលិចលង់ផ្ទះសម្បែង លំនៅឋានបងប្អូនប្រជាពលរដ្ឋ ទឹកជំនន់ឆ្នាំនេះការបង្កឲ្យមានការខូចខាត ផលដំណាំបងប្អូនប្រជាពលរដ្ឋយើង ជាច្រើនហិកតាផងដែរដូចជា ស្រូវពង្រោះ៧៦៥ហិកតា,ដំឡូងមី៣៥ហិកតា ពោត១,៣៧៩ហិកតា អំពៅ៥២ហិកតា និងបន្លែគ្រប់មុខ១៨ហិកតា ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន រួមមានសាលារៀន១៧កន្លែង ក្នុងនោះសាលាឥស្លាម១២ សាលាមណ្ឌលសុខភាព៤កន្លែង វត្តព្រះពុទ្ធសាសនា១០វត្ត វិហារឥស្លាម៦ សូរ៉ាវ២១ ផ្លូវបេតុងប្រវែង៤០គីឡូម៉ែត្រ ផ្លូវលំ៩៣ខ្សែ។
សូមជម្រាបថា នេះជាលើកទី២ហើយ នៅក្នុងខែសីហានេះ ដែលសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានអញ្ជើញចុះមកសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ និងផ្ដល់ជូនអំណោយដោយផ្ទាល់ ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅខេត្ដត្បូងឃ្មុំ ដោយលើកទី១ នៅថ្ងៃទី២ ខែសីហា នាំយកអំណោយមកចែកជូនបងប្អូន ប្រជាពលរដ្ឋ នៅឃុំចំនួន៣ នៃស្រុកត្បូងឃ្មុំ ចំនួន ២,៥០០គ្រួសារ ៕