(បាត់ដំបង)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តបាត់ដំបង នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម គយ នគរបាល និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យនៅមាត់ច្រកប៉ុស្តិ៍អូររំដួល ស្រុកភ្នំព្រឹក ដោយបានស្ទាក់ចាប់ទំនិញចម្រុះនាំចូលពីប្រទេសថៃជិត ៣០០គីឡូក្រាម រួចបានដកហូតយកទៅដុតកម្ទេចចោលភ្លាមៗ។
លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានឲ្យដឹងថា ដើម្បីទប់ស្កាត់រាល់បទល្មើសផ្សេងៗ និងយកចិត្តទុកដាក់ចំពោះសុខមាលភាពប្រជាពលរដ្ឋ សមត្ថកិច្ចជំនាញ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម នគរបាល គយ មន្រ្តីស្នាក់ការ និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យនៅមាត់ច្រកប៉ុស្តិ៍អូររំដួល ស្រុកភ្នំព្រឹក ដោយបានស្ទាក់ចាប់ទំនិញចម្រុះជិត ៣០០គីឡូក្រាម នាំចូលពីប្រទេសថៃ រួចធ្វើការដកហូតបានយកទៅដុតចោលកម្ទេចចោលភ្លាមៗនៅនឹងកន្លែង។
លោកបានបញ្ជាក់ថា ទំនិញដែលសមត្ថកិច្ចជំនាញចាប់បានសាច់មាន់ខូចគុណភាពចំនួន ២០០គីឡូក្រាម នំខូចគុណភាពចម្រុះចំនួន ៦០គីឡូក្រាមនិង ទឹកម្ទេសចំណុះ ៣០០មីលីលីត្រ ហួសកាលបរិច្ឆេទប្រើប្រាស់ដែលឈ្មួញបានបង្កប់ ក្នុងរទេះដឹកបន្លែ-ផ្លែឈើនាំចូលតាមច្រកអូររំដួល ស្រុកភ្នំព្រឹក ជាយដែនកម្ពុជា-ថៃ។
លោកបានបន្តថា ទោះជាឈ្មួញ ឬអាជីវករមួយចំនួន នៅមិនទាន់យល់ពីផលប៉ះពាល់សុខភាព ដោយនៅតែដលួចនាំចូលទំនិញរបស់ខ្លួនខូចគុណភាព និងមានការហួសកាលបរិច្ឆេទកំណត់យ៉ាងណាក៏ដោយ មន្រ្តីជំនាញនៅតែចុះត្រួតពិនិត្យ និងធ្វើការទប់ស្កាត់និងណែនាំពីផលប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់ជាប្រចាំ ម្យ៉ាងវិញទៀតអ្នកលួចនាំចូលទំនិញខូចគុណភាព គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនគិតពីសុខភាពអ្នកដទៃ គឺសមត្ថកិច្ចជំនាញតែងតែទប់ស្កាត់បានទាន់វេលារហូតមកផងដែរ។
លោកប្រធានសាខាកាំកុងត្រូល បានបន្តទៀតថា ក្នុងនាមមន្រ្តីជំនាញនៅតែបន្តធ្វើការអប់រំ ផ្សព្វផ្សាយ ដោយផ្ទាល់ និងតាមរយៈការបិទផ្សាយរូបភាព ជាបន្តទៀតដើម្បីឲ្យអ្នកលក់ និងអ្នកប្រើប្រាស់បានយល់កាន់តែច្បាស់ ពីការប៉ះពាល់សុខភាពមកលើអ្នកបរិភោគទាំងអស់គ្នា និងហាមអ្នកនាំចូលបញ្ឈប់ការនាំទំនិញខូចគុណភាព ហួសកាលបរិច្ឆេទមកចែកចាយតាមទីផ្សារបន្តទៀត ចំណែកអ្នកប្រើប្រាស់ត្រូវត្រួតពិនិត្យឲ្យបានច្បាស់លាស់ផងដែរ មុននឹងទិញទំនិញអ្វីមួយយកទៅបរិភោគ ប្រយ័ត្នធ្វើឲ្យចខូចសុខភាពទាំងអស់គ្នា៕