(កំពង់ធំ)៖ ក្នុងពេលជួបសំណេះសំណាលជាមួយក្រុមការងារចុះជួយក្រុងស្ទឹងសែន ប្រមាណជាង៧០០នាក់ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះ លោក សុខ លូ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានដាស់តឿនជំរុញឱ្យក្រុមការងារទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋមូលដ្ឋានឱ្យបានទ្វេដង។
លោក សុខ លូ បានថ្លែងអំណរគុណដល់ក្រុមការងារគណបក្សចុះជួយភូមិ សង្កាត់ ក្នុងក្រុងស្ទឹងសែនទាំងអស់ ដែលបានខិតខំអស់ពីកម្លំាងកាយចិត្ត ដែលបានធ្វើឱ្យគណបក្សប្រជាជនកម្ពុជាក្នុងខេត្តកំពង់ធំទាំងមូល ជាពិសេសគណបក្សក្រុងស្ទឹងសែនទទួលបានជ័យជម្នះដ៏ធំធេង ដែលជាប្រវត្តិសាស្ត្រសម្រាប់ខេត្តកំពង់ធំ។
លោកថា ជ័យជម្នះនេះមិនមែនបានមកដោយសារអ្នកណាម្នាក់ទេ គឺបានមកដោយសារការខិតខំរបស់ក្រុមការងារទាំងអស់គ្នាសហការគ្នា សាមគ្គីភាព ឯកភាពផ្ទៃក្នុងបានល្អ។ ម្យ៉ាងវិញទៀត សមាជិកក្រុមការងារទាំងអស់គ្នានៅតាមបណ្តាភូមិ សង្កាត់ ក្នុងក្រុងស្ទឹងសែន ក៏ដូចជាក្នុងខេត្តកំពង់ធំទាំងមូល សូមកុំបែងចែកប្រជាពលរដ្ឋ កុំលាបពណ៌គ្នាថាម្នាក់នេះបានទៅបោះឆ្នោត ម្នាក់នោះមិនបានទៅបោះឆ្នោត ម្នាក់នោះគាំទ្រគណបក្សនេះ ម្នាក់នោះគាំទ្រគណបក្សនោះ កុំលាបពណ៌គ្នាឱ្យសោះ ព្រោះការបោះឆ្នោតបានបញ្ចប់ប្រកបដោយភាពជោគជ័យ ដូច្នេះត្រូវធ្វើយ៉ាងណាឱ្យពលរដ្ឋនៅក្នុងភូមិ សង្កាត់ចេះរួមរស់សាមគ្គីគ្នា ចេះស្រលាញ់គ្នា មិនមានការរើសអើងនិន្នាការនយោបាយឡើយ ក្នុងនាមអ្នកភូមិផងរបងជាមួយគ្នា ជាឈាមខ្មែរតែមួយ។
លោកបន្ថែមទៀតថា ប្រជាពលរដ្ឋបានផ្តល់នូវការទុកចិត្តធំធេងណាស់ ក្នុងការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដូច្នេះក្រុមការងារទាំងអស់គ្នាដែលជាមន្ត្រីរបស់គណបក្ស ត្រូវខិតខំធ្វើអំពើល្អឱ្យបានទ្វេដង ចុះមូលដ្ឋានជួបប្រជាពលរដ្ឋដោយផ្ទាល់ ដើម្បីជួយដោះស្រាយទុក្ខកង្វល់របស់ប្រជាជនបន្តទៀត ធ្វើយ៉ាងណាបម្រើសេវាសាធារណៈជូនប្រជាជនឱ្យកាន់តែល្អជាងមុនថែមទៀត នេះហើយជាតួនាទី ភារកិច្ច និងទំនួលខុសត្រូវរបស់ក្រុមការងារទាំងអស់គ្នា។
សម្រាប់ក្នុងក្រុងស្ទឹងសែន នៅអាណត្តិទី៦នេះ បានកើនឡើងសំឡេងអ្នកគាំទ្រគណបក្សប្រជាជនជាង ៦ពាន់សំឡេង ហើយយោងតាមរបាយការណ៍បណ្តោះអាសន្នរបស់ គ.ជ.ប បានបញ្ជាក់ថា ចំនួនប្រជាជនដែលបានទៅចូលរួមបោះឆ្នោតទូទាំងប្រទេសមានចំនួន ៨៣.០២%។ ដោយឡែកនៅក្នុងខេត្តកំពង់ធំ ប្រជាពលរដ្ឋមកចូលរួមបោះឆ្នោតមានចំនួន ៨០.៩៩% ក្នុងនោះគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រចំនួន ៦៨.៦០% ដែលជាចំនួនអ្នកគាំទ្រដ៏ច្រើនលើសលុប៕