(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានបំបែកសំណុំរឿងមុខសញ្ញាគាស់លួចយកទ្រព្យសម្បត្តិ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ និងបក្ខពួក៥នាក់ទៀត រួចបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨។
លោកវរសេនីយ៍ទោ ភឿង ម៉ាន់សឹង្ហ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា នៅវេលាម៉ោង១រំលងអាធ្រាតដល់ម៉ោង ៥៖៣០នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ មានករណីចោរគាស់ទម្លុះទម្លាយជញ្ជាំងក្តារតូបលួចយកទ្រព្យសម្បត្តិ នៅខាងកើតផ្សារបឹងត្រកួន ចម្ងាយ៥០ម៉ែត្រ ស្ថិតក្នុងភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក របស់ជនរងគ្រោះជាម្ចាស់តូបឈ្មោះ ញ៉ុល ស៊ីថា អាយុ៣៤ឆ្នាំ ជាប្តី និងប្រពន្ធឈ្មោះថាប់ តន្ត្រី អាយុ៣៣ឆ្នាំ (អាជីវករវេរលុយ ប្តូរប្រាក់ និងលក់កាតទូរស័ព្ទ) ក្នុងនោះបាត់អស់លុយថៃចំនួន ៣ម៉ឺនបាត លុយខ្មែរចំនួន ៤លានរៀល កាតទូរស័ព្ទគិតជាលុយចំនួន ៨០០ដុល្លារ។
ជនសង្ស័យឈ្មោះ កន ធុន អាយុ១៦ឆ្នាំ ណុច វណ្ណា អាយុ១៧ឆ្នាំ ទាំង២នាក់នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ហើយជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន។ ចំណែកបក្ខពួកគេចំនួន៥នាក់ផ្សេងទៀតមានឈ្មោះ ហោម បឿន អាយុ១៨ឆ្នាំ អ៊ី ឡាដែន អាយុ១៧ឆ្នាំ សៅ យ៉ត អាយុ១៧ឆ្នាំ សុខ ខា អាយុ២០ឆ្នាំ យឿង សុខមាន អាយុ១៧ឆ្នាំ ជនទាំង៥នាក់នេះរស់នៅភូមិឃុំគោករមៀត ស្រុកថ្មពួក។ ជាមួយនឹងការបង្រ្កាបនេះ សមត្ថកិច្ចដកហូតបានម៉ូតូចំនួន២គ្រឿងផងដែរ។
លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ក្រោយពីចាប់ឃាត់ខ្លួន និងសាកសួរចម្លើយ ជនសង្ស័យទាំង២នាក់បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពគាស់តូបរបស់អាជីវករខាងលើប្រាកដមែន។
ជនសង្ស័យខាងលើបានសារភាពថា ពួកគេមិនបានចូលរួមធ្វើសកម្មភាពគាស់តូបនោះទេ តែពួកគេគ្រាន់បានចូលរួមផឹកស៊ីជាមួយឈ្មោះ ណុច វណ្ណា ប៉ុណ្ណោះ។
លោកស្នងការរងបានបញ្ជាក់ថា ផ្អែកតាមបណ្តឹងរបស់ម្ចាស់តូច និងចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងនគរបាលជំនាញនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យទាំង៧នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕