(ភ្នំពេញ)៖ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥ (GS5-F1) នៅវេលាម៉ោង០២៖៣៣នាទីរសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះ ដោយសារខ្យល់កន្ត្រាក់ខ្លាំងធ្វើឲ្យប៉ើងផ្ទាំងប្លាស្ទីកផ្សព្វផ្សាយពាណិជ្ជកម្ម ទើរលើខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនី ទីតាំងមួយចំនួននៅ៖ ផ្លូវជាតិលេខ៦អា ភូមិខ្ទរ និងភូមិព្រែកលៀប សង្កាត់ព្រែកលៀប និងភូមិព្រែកតាសេក និងភូមិដើមគ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។
អគ្គិសនីកម្ពុជា បានឲ្យដឹងថា បន្ទាប់ពីមានហេតុការណ៍នេះភ្លាមៗ ក្រុមការងារបច្ចេកទេស បានធ្វើការយកប្លាស្ទីកផ្សព្វផ្សាយពាណិជ្ជកម្មចេញរួចរាល់ និងបានភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង០៣៖៤១រសៀល៕