(សៀមរាប)៖ នាយឧត្តមសេនីយ៍ ជា តារា ប្រធានក្រុមការងារចុះជួយឃុំមានជ័យ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានមួយកន្លែង ឆ្លងកាត់អូរនៅភូមិដូននំ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលកសាងដោយកម្លាំងមហាសាមគ្គីរបស់ ក្រុមការងារសាកលវិទ្យាល័យការពារជាតិ និងប្រជាជនភូមិដូននំ។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ជា តារា បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គ្មានទម្លាប់ចប់ពេលបោះឆ្នោតហើយ មិនបាននាំគ្នាចុះទៅបម្រើ ប្រជាពលរដ្ឋឡើយ ពោលនៅតែបន្តធ្វើជាប់ជាប្រចាំ ពិសេសជួយប្រជាពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗ ដោយស្មោះត្រង់បំផុត ស្របតាមបំណងប្រជាជនបានផ្ដល់ការជឿទុកចិត្តទៅលើគណបក្សប្រជាជនកម្ពុជា ដោយបានចេញទៅបោះឆ្នោតថ្ងៃទី២៩ ខែកក្កដារហូតដល់៨៣.០២% ក្នុងនោះឃុំមានជ័យ៨៦.៤% បានបង្ហាញយ៉ាងច្បាស់ថា កម្ពុជាត្រូវការសុខសន្តិភាពយូរអង្វែង ដើម្បីឲ្យខ្លួនមានពេលវេលាគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍប្រទេស ឲ្យរីកចម្រើនបន្តទៀត។
នាយឧត្តមសេនីយ៍ ជា តារា អមដោយថ្នាក់ដឹកនាំយោធាចារ្យសាកលវិទ្យាល័យការពារជាតិ រដ្ឋអំណាចមូលដ្ឋាន ស្រុកប្រាសាទបាគង បានបន្តចុះដល់មូលដ្ឋាន ភូមិទាំង៦ ចូលរួមសប្បាយរីករាយជាមួយប្រជាជន និងថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជន ឲ្យទទួលបានជ័យជម្នះ យ៉ាងភ្លូកទឹកភ្លូកដី ព្រមទាំងផ្សព្វផ្សាយអំពីលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កន្លងទៅជូនប្រជាពលរដ្ឋបានយល់ដឹង។
បើតាមនាយឧត្តមសេនីយ៍ គណបក្សប្រជាជនបានទទួលជ័យជម្នះ នៅទូទាំងប្រទេសនិយាយជារួម និងនិយាយដោយឡែក ចំពោះឃុំមានជ័យ ទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី ដែលនេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ អំពីការស្រលាញ់ពេញចិត្តការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងត្រូវការសម្តេចដើម្បីដឹកនាំប្រទេស បន្តរក្សាសន្តិភាព និងការអភិវឌ្ឍបន្តទៀត។
បន្ថែមពីនេះ លោកបានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងគិតគូរពីសុខទុក្ខការលំបាក និងកង្វល់នានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ជាពិសេសនៅទីនេះ មានសម្តេចពិជ័យសេនា ទៀ បាញ់ ជាប្រធានក្រុមការងារនៅជាប់ជានិច្ចជាមួយប្រជាពលរដ្ឋជាប្រចាំ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ជា តារា ក៏បានធ្វើការស្វែងយល់អំពីសំណើ និងតម្រូវការផ្សេងៗ របស់បងប្អូនប្រជាពលរដ្ឋមកដោះស្រាយ ឲ្យបានទាន់ពេលវេលា ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបម្រើបងប្អូនប្រជាពលរដ្ឋឲ្យបានកាន់តែច្រើនទ្វេដងផងដែរ៕