(ភ្នំពេញ)៖ ក្រុមនិស្សិតស្ម័គ្រចិត្តមកពីបណ្តាលសកលវិទ្យាល័យ និងវិទ្យាស្ថានផ្សេងគ្នា ជំនាញ ICT ចំនួន៤៨នាក់ ដែលដឹកនាំដោយ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បានចុះចែករំលែកចំណេះដឹង ជូនសិស្សនិសិស្សនៅតាមបណ្តាភូមិ ឃុំ ក្នុងតំបន់ដាច់ស្រយ៉ាល ចំនួន២ខេត្តផ្សេងគ្នារួមមានខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំង។
ការចុះចែករំលែកចំណេះដឹងនេះ គឺជាកម្មវិធីអ្នកស្ម័គ្រចិត្ត ICT កម្ពុជា២០១៨នេះ មានការគាំទ្រដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងឧបត្ថម្ភដោយមូលនិធិស.អ, មូលនិធិ ក.ស.ទ, ក្រុមហ៊ុន Smart Axiata។
នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨កន្លងទៅ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំកម្មវិធីបើកវគ្គផ្លូវការមួយស្តីពី «កម្មវិធីអ្នកស្ម័គ្រចិត្ត ICT កម្ពុជា ២០១៨» ដោយមានការចូលរួមពីលោក ស៊ុន រ៉ាពីដ អនុប្រធានវិទ្យាស្ថានជាតិនិបទីក តំណាងរបស់ និងលោក សេង សុភាព ប្រធានវិទ្យាស្ថានជាតិនិបទីក រួមនិងថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ និងប្អូនៗអ្នកស្ម័គ្រចិត្តជាច្រើននាក់ទៀត។
ការចុះចែករំលែកចំណេះដឹងរបស់ក្រុមនិស្សិតទាំង៤៨នាក់នេះ មានរយៈពេល២ថ្ងៃមកហើយ គឺនៅថ្ងៃទី០៧ ខែសីហា ឆ្នា២០១៨ ក្រុមនិស្សិតចំនួន២៤នាក់ បានចេញដំណើរទៅខេត្តកំពង់ឆ្នាំង ចំនួន៦ឃុំ នៅស្រុកកំពង់លែង ក្នុងឃុំពោធិ៍, ឃុំដារ, ឃុំច្រណូក, និងស្រុកទឹកផុស ក្នុងឃុំក្បាលទឹក, ឃុំក្រាំងស្គារ និងឃុំក្ដុលសែនជ័យ លើកទី២ នៅថ្ងៃទី១០ ខែសីហា ឆ្នា២០១៨ ក្រុមនិស្សិតចំនួន២៤នាក់ បានចេញដំណើរទៅខេត្តកណ្ដាល ចំនួន៦ឃុំ នៅស្រុកស្អាង ក្នុងឃុំស្អាងភ្នំ, ឃុំកោះអន្លង់ចិន, ឃុំខ្សាច់ទន្លា, ឃុំត្រើយស្លា, ឃុំព្រែកអំបិល និងឃុំក្រាំងយ៉ូវ។
សូមជម្រាបជូនថា ក្រុមនិស្សិតស្ម័គ្រចិត្តមកពីបណ្តាលសកលវិទ្យាល័យ និងវិទ្យាស្ថានផ្សេងគ្នា ជំនាញ ICT ចំនួន៤៨នាក់នោះ ចុះទៅចែករំលែកចំណេះដឹងទៅលើមុខជំនាញ ICT, ទូរស័ព្ទដៃ, ភាសាអង់គ្លេស, គណិតវិទ្យា និងបំនិនជីវិត សម្រាប់កម្មវិធីអ្នកស្ម័គ្រចិត្តនេះមានរយៈពេលមួយខែពេញ នឹងបិទបញ្ចប់នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខ៕