(ភ្នំពេញ)៖ លោក យូ តារាវុធ ជាអ្នកកាសែតជំនាន់ទី១ ក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ បានធ្លាក់ខ្លួនឈឺជាទម្ងន់ និងកំពុងសម្រាកនៅលើកន្ទេល អស់រយៈពេល២ឆ្នាំមកហើយ បច្ចុប្បន្ន លោកកំពុងរស់នៅក្នុងផ្ទះរបស់កូនស្រីយ៉ាងស្ងៀមស្ងាត់ជាមួយភរិយា។ ប៉ុន្ដែឥឡូវនេះជំងឺរបស់លោក ហាក់មិនអាចថយក្រោយដូចធម្មតាបានឡើយ មានតែដំណក់ទឹកភ្នែកហូរកាត់ថ្ពាល់ ធ្លាក់ទៅគុមត្រចៀក នៅពេលលោកបានឃើញមិត្តភ័ក្រអតីតរួមអាជីពទៅសួរសុខទុក្ខ ដោយមិនអាចនិយាយរួច។
អ្នកកាសែតជើងចាស់ភាគច្រើនច្បាស់ជាស្គាល់ឈ្មោះលោក យូ តារាវុធ ជាក់ជាពុំខាន ព្រោះលោកជាធនធានមនុស្សដែលសេសសល់ពីការកាប់សម្លាប់ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយ
នៅក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ លោកបានចូលមកទីក្រុងភ្នំពេញ និងបានចាប់យកអាជីពជាអ្នកសារព័ត៌មាន ជាមួយអ្នកសារព័ត៌មានជើងចាស់មួយចំនួនទៀត។
សូមជម្រាបថា លោក យូ តារាវុធ បានទៅសិក្សាអាជីពសារព័ត៌មានជំនាន់ទី១ នៅប្រទេសវៀតណាម នៅចុងឆ្នាំ១៩៧៩ ហើយឆ្នាំ១៩៨១ លោក យូ តារាវុធ បានចូលបម្រើជាអ្នកកាសែត និងទស្សនាវដ្តី
កងទ័ព ចំណុះឲ្យអគ្គស្នងការនយោបាយ ក្រសួងការពារជាតិ។ លោក យូ តារាវុធ ជាអ្នកនិពន្ធប្រលោមលោក (ល្ខោននិយាយ) ដ៏ល្បីឈ្មោះមួយរូប ក្នុងចំណោមអ្នកនិពន្ធមួយចំនួនទៀតនាជំនាន់នោះ។
អ្នកនិយមស្តាប់ល្ខោននិយាយ នៅក្នុងសម័យក្រោយរំដោះ ប្រហែលជាចាំច្បាស់ព្រោះស្នាដៃរបស់លោក ត្រូវបានគេចាក់ផ្សាយតាមវិទ្យុសម្លេងប្រជាជនកម្ពុជា (បច្ចុប្បន្នវិទ្យុជាតិកម្ពុជា) និងវិទ្យុក្រុងភ្នំពេញ (AM)។ ឆ្នាំ១៩៩២ លោក យូ តារាវុធ បានផ្ទេរពីកាសែតកងទ័ព មកធ្វើជានិពន្ធនាយកកាសែតប្រជាជន ដោយផ្តាច់ចេញពីក្របខណ្ឌកងទ័ព។ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ លោក យូ តារាវុធ ក៏បានត្រឡប់ចូលក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទវិញ នៅឆ្នាំ២០០៤ រហូតមកដល់បច្ចុប្បន្នក្នុងឋានន្តរសក្ដិវរសេនីយ៍ឯក។
ជាមួយស្ថានភាពជំងឺដែលចេះតែវិវត្តន៍ទៅមុខនេះ ក្រុមគ្រួសាររបស់លោក យូ តារាវុធ បានលើកម្រាមដៃ១០ អំពាវនាវដល់សប្បុរសជន និងថ្នាក់ដឹកនាំមេត្តាជួយឧបត្ថម្ភដល់រូបគាត់ដើម្បីបានថវិកាព្យាបាលជំងឺបន្ត ព្រោះពេលនេះក្រុមគ្រួសារកំពុងតែជួបការលំបាកខ្លាំង អស់លទ្ធភាពក្នុងការព្យាបាលទៅហើយ៕