(តេហេរ៉ង់)៖ មេបញ្ជាការទ័ពជើងទឹកអ៊ីរ៉ង់លោកឧត្តមនាវីទោ ហូស្សេន ខាន់ហ្សាឌី (Hossein Khanzadi) បានសន្យាថា ប្រទេសរបស់ខ្លួននឹងថែរក្សាសន្តិសុខសម្រាប់ច្រកផ្លូវធ្វើពាណិជ្ជកម្មនានា ដែលស្ថិតក្នុងដែនសមុទ្ររបស់អ៊ីរ៉ង់ នៅតំបន់ភាគខាងជើង និងខាងត្បូង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១១ ខែសីហា ឆ្នាំ២០១៨។
លោក Khanzadi បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កងទ័ពជើងទឹកនឹងផ្តល់ការធានាសុវត្ថិភាព ដល់រាល់ការនាំចេញ និងនាំចូលរបស់អ៊ីរ៉ង់ នៅលើដែនទឹកភាគខាងកើត និងខាងត្បូង ជាទីដែល ០៩ភាគរយនៃការនាំចេញ និងនាំចូលរបស់អ៊ីរ៉ង់ត្រូវបានធ្វើឡើងដោយពួកយើងមាននូវសម្ភារៈ និងកម្លាំងគ្រប់គ្រាន់ ដើម្បីធានាសន្តិសុខនៅលើដែនសមុទ្រ លើផ្ទៃមេឃ និងតាមបណ្តោយឆ្នេរ»។
គួរជម្រាបថា សេចក្តីប្រកាសរបស់មេទ័ពជើងទឹកអ៊ីរ៉ង់រូបនេះ បានកើតមានឡើង បន្ទាប់ពីកញ្ចប់ទណ្ឌកម្មទីមួយរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ដែលពីមុនមកត្រូវបានដកចេញ នៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥នោះ ទើបតែចូលជាធរមានវិញកាលពីដើមសប្តាហ៍នេះ ក្រោមបញ្ជាប្រតិបត្តិរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ៕