(ភ្នំពេញ)៖ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធិ បានបន្ដបើកការដ្ឋានជួសជុលផ្លូវមួយខ្សែ ជូនប្រជាពលរដ្ឋនៅភូមិអង្គកែវ សង្កាត់ចោមចៅទី៣ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨។
ថ្លែងក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានបញ្ជាក់ថា ផ្លូវបេតុងនេះមានប្រវែងបណ្តោយ៣០០ម៉ែត្រ ទទឹង០៨ម៉ែត្រ ដោយដាក់ប្រព័ន្ធលូបង្ហូរទឹកប្រវែង ៣០០ម៉ែត មានមុខកាត់១ម៉ែត ដែលនឹងស្ថាបនាចាក់បេតុងឆ្អឹងដែកភ្ជាប់ពីផ្លូវជាតិលេខ៤ ចូលទៅភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ដោយប្រើប្រាស់កព្ចាប់ថវិការបស់រដ្ឋបាលខណ្ឌពោធិសែនជ័យ។
ពិធីបើកការដ្ឋានខាងលើនេះ ក៏មានការចូលរួមពីលោក លោកស្រី ជាអភិបាលរងខណ្ឌ, លោកអធិការរងនគរបាលខណ្ឌពោធិ៍សែនជ័យ, មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ព្រមទាំងលោក លោកស្រីជាមន្ត្រីសាលាខណ្ឌ សង្កាត់ ភូមិ និងប្រជាពលរដ្ឋជាច្រើនផងដែរ។
លោក ហែម ដារិទ្ធិ បានគូសបញ្ជាក់ថា ក្នុងនាមអាជ្ញាធរត្រូវខិតខំបម្រើស្វែករកនូវផល ដែលធ្វើឲ្យប៉ះពាល់ និងទុក្ខលំបាកក្នុងការរស់នៅ និងធ្វើដំណើរបស់ប្រជាពលរដ្ឋឲ្យកាន់តែងាយស្រួលប្រកបមុខរបរផ្សេងៗ ធ្វើដំណើរទៅមកមានភាពកាន់តែងាយស្រួល និងមានជីវភាពកាន់តែល្អប្រសើឡើង។ ជាពិសេសដើម្បីស្របតាមអនុសាសន៍ របស់ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន៕