(ស្វាយរៀង)៖ លោក គឹម ងួន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំដូនស ស្រុកស្វាយជ្រំ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារចុះថ្លែងអំណរគុណ ដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ដោយលោកបានប្រាប់សមាជិកបក្សថា គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះហើយ យុទ្ធនាការដេកផ្ទះឈ្នះឯង ម្រាមដៃស្អាតរបស់ក្រុមអតីតគណបក្សប្រឆាំង ត្រូវបរាជ័យទាំងស្រុង។
លោក គឹម ងួន បានបញ្ជាក់ប្រាប់សមាជិកបក្សទៀតថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ មានប្រជាពលរដ្ឋទៅបោះឆ្នោតជាង៨៣ភាគរយ ដូច្នេះការបោះឆ្នោតនេះបានបង្ហាញថា ប្រជាពលរដ្ឋមិនបានជឿតាមការញុះញង់របស់ក្រុមអគតិមួយចំនួននោះឡើយ គឺពួកយើងម្នាក់ៗបានបំពេញកាតព្វកិច្ចជាពលរដ្ឋ ហើយបានបោះឆ្នោតជូនគណបក្សប្រជាជនឈ្នះភ្លូកទឹកភ្លូកដី តួយ៉ាងដូចជាខេត្តស្វាយរៀង គណបក្សយើងទទួលបាន៥អាសនៈលើ៥អាសនៈ។
លោកបានបន្តទៀតថា ចាប់ពេលនេះតទៅនៅអាណត្តិទី៦រាជរដ្ឋាភិបាល និងបន្តការងារអភិវឌ្ឍប្រទេស ឱ្យមានភាពរីកចម្រើនគ្រប់វិស័យ ជាពិសេសផ្តោតសំខាន់ទៅលើវិស័យទឹក ភ្លើង ផ្លូវ ធនធានមនុស្ស មួយវិញទៀតបង្កើនការវិនិយោគបន្ថែមទៀតដើម្បីស្រូបយកកម្មករ កម្មការិនីឱ្យមានការងារធ្វើកាន់តែច្រើនឡើង ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។
នៅក្នុងឱកាសនោះលោក គឹម ងួន ក៏បានថ្លែងអំណរគុណ ដល់សមាជិកសមាជិការ និងប្រជាពលរដ្ឋទាំងអស់នៅឃុំដូនស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឈ្នះយ៉ាងច្រើនភ្លូកទឹកភ្លូកដី ហើយក៏សូមឱ្យសមាជិកសមាជិការបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា គ្រប់អាណត្តិបន្តទៀតជាពិសេសគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី។ លោក គឹម ងួន និងក្រុមការងារក៏បានផ្តល់អំណោយជាសារ៉ុងជូនដល់សមាជិកបក្សម្នាក់១ផងដែរ៕