(ក្រចេះ)៖ យ៉ាងហោចណាស់មានមនុស្សប្រុស-ស្រី ចំនួន៥នាក់រងបួសធ្ងន់-ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បង្កដោយរថយន្ដបុកជាមួយរថយន្ដ ក្នុងទិសដៅបញ្ច្រាសគ្នា។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះ នៅលើផ្លូវជាតិលេខ៧ ក្រចេះ ស្ទឹងត្រែង ចំនុចភូមិដីសម្បទានគាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
នគរបាលចរាចរណ៍ស្រុកចិត្របុរី បញ្ជាក់ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើង ដោយរថយន្ដកូរ៉េដឹកត្រីបុកជាមួយរថយន្ដសាំងយ៉ុង ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ពីជើងទៅត្បូង បណ្ដាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ក្នុងនោះស្ត្រីចំនួន២នាក់។ ហើយអ្នកបើករថយន្ដបង្កហេតុ (រថយន្ដដឹកត្រី)ឈ្មោះ យ៉ យាំឡាំ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅសង្កាត់រកាកណ្ដាល ក្រុងក្រចេះ។
នគរបាលរូបនោះបន្តទៀតថា មូលហេតុដែលគ្រោះថ្នាក់នេះគឺមកពីរថយន្ដដឹកត្រី បើកបរក្នុងល្បឿនយ៉ាងលឿនហើយ វ៉ាជែងរថយន្តខ្នាតយក្សមួយគ្រឿងទៀត ក៏ជ្រុលទៅបុករថយន្ដសាំងយ៉ុងពេញទំហឹងតែម្ដង។
ចំណែកអ្នករងរបួសទាំង៥នាក់ ត្រូវបានយកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត រីឯរថយន្ដទាំង២គ្រឿងត្រូវនគរបាលយកទៅរក្សាទុក នៅប៉ុស្ដិ៍រដ្ឋបាលចង្រ្គង់រងចាំការដោយស្រាយតាមផ្លូវច្បាប់៕