(ព្រៃវែង) ៖ លោក វង សូត ប្រធានក្រុមការងារចុះជួយ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះ បានដឹកនាំ ក្រុមការងារ ចុះត្រួតពិនិត្យ ផ្លូវលំដែល និងត្រូវជួសជុលក្រាលគ្រួសក្រហម ប្រមាណ ១៥គីឡូម៉ែត្រ ស្ថិតនៅឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។

ដោយមើលឃើញទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅតាម មូលដ្ឋានក្នុងការធ្វើដំណើរ ប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ និងបន្ទាប់ពីប្រជាពលរដ្ឋ បានសំណូមពរ ក្នុងវេទិកាសាធារណៈ នាពេលកន្លងមក ទើបលោក វង សូត ប្រធានក្រុមការងារចុះជួយ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានចុះពិនិត្យ និងបានធ្វើការមួយចំនួន ជាមួយក្រុមការងារបច្ចេកទេស សិក្សាជួសជុលតែម្តង។

នៅក្នុងឱកាស ចុះត្រួតពិនិត្យនេះ លោក វ​ង សូត បានលើកឡើងថា អាជ្ញាធរឃុំ ត្រូវចុះសិក្សាឲ្យបានលំអិតថា តើផ្លូវណាចាំ បាច់ត្រូវជួសជុលមុន ហើយផ្លូវណាត្រូវជួសជុលក្រោយ ពីព្រោះយើងត្រូវ ធ្វើតាមជំហានៗ តាមអ្វីដែលបានសន្យាជាមួយប្រជាពលរដ្ឋ។

ក្រៅពីការឆ្លើយតបសំណើខាងលើ លោក វ​ង សូត ក៏បានផ្តល់ឈាបនដ្ឋាន និងអណ្តូងទឹក និងបង្គន់អនាម័យសម្រាប់សម្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងពេល មានសាច់ញាតិស្លាប់ត្រូវបូជាតាមប្រពៃណីផងដែរ៕