(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ជាថ្មី ដល់កម្លាំងនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ត្រូវតែបន្ដពង្រឹងការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ចាប់ពីពេលនេះរហូតដល់ ថ្ងៃបង្កើតរដ្ឋាភិបាលថ្មី អាណត្តិទី៦ជាផ្លូវការ។

បន្ថែមពីនេះ ​លោកឧត្តមសេនីយ៍ស្នងការ ក៏បានថ្លែងអំណរគុណដល់កងកម្លាំងនគរបាលទូទាំងខេត្ត ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន បានល្អប្រសើរ ក្នុងតួនាទីបម្រើឲ្យវិស័យសន្តិសុខជាតិ ដោយសហការជាមួយបណ្តាអង្គភាព មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ធានារក្សាបាននូវសន្តិសុខ ក្នុងខេត្តបានល្អ និងការពារសន្តិសុខ ក្នុងយុទ្ធនាការរកសំឡេងឆ្នោត និងដំណាក់ការបោះឆ្នោត។

ការថ្លែងរបស់លោកឧត្តមសេនីយ៍ទោ ឯម កុសល ត្រូវបានធ្វើឡើងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ ​ប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសង្គម និងការ​អនុវត្តការងារនគរបាល និងសហគមន៍ ប្រចាំខែកក្កដា និងទិសដៅភារកិច្ច ខែសីហា ឆ្នាំ២០១៨ និងបូកសរុបសភាពការណ៍ ការពារសន្តិសុខ ក្នុងកិច្ចដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។

កិច្ចប្រជុំនេះក៏មានការចូលរួមពី ​លោក លោកស្រី ស្នងការរងដោយមានការអញ្ជើញចូលរួមពី លោកអនុប្រធានផែន លោក លោកស្រីនាយ នាយរងការិយាល័យជំនាញ លោកអធិការ-អធិការរង នគរបាលស្រុក ក្រុង​ទាំង១០ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាទាំង១០៩ប៉ុស្តិ៍ សរុបចំនួន២៩៣នាក់ ស្រី០៤នាក់​។

លោកឧត្តមសេនីយ៍ទោ ឯម កុសល បានថ្លែងយ៉ាងដូច្នេះថា «ចំពោះវិធានការចំពោះមុខ​កម្លាំងនគរបាលទាំងអស់ ត្រូវបង្ក្រាបបទល្មើសគ្រប់ប្រភេទ​ នៅតាមមូលដ្ឋាន ប្រើប្រាស់វិធានការល្បាត វិធានការរដ្ឋបាលចំហរឆែកឆេរអាវុធជាតិផ្ទុះ និងតាមដានក្ដាប់សភាពការណ៍សន្ដិសុខនៅក្នុងមូលដ្ឋាន ឲ្យបានល្អប្រសើរ ពីពេលនេះរហូតដល់ពេលដែលរដ្ឋាភិបាលអាណត្តិទី៦ ប្រសូត្រចេញជាផ្លូវការ»

បើតាមលោកឧត្តមសេនីយ៍ស្នងការ បទបញ្ជានេះត្រូវបានធ្វើឡើងដោយអនុវត្តតាមអនុសាសន៍របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការអចិន្ដ្រៃយ៍, នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការ​ឯកភាពខេត្ត។

បន្ថែមពីនេះ ស្នងការនគរបាលខេត្តកំពង់ចាម ក៏បានត្រៀមនូវកងអន្ដរាគមន៍ចំនួន៤កងផងដែរ ដោយមួយកងជាកងអន្ដរាគមន៍ពិសេស ប្រចាំស្នងការដ្ឋាននគរបាលខេត្ត និងបីកងអន្ដរាគមន៍ជំនួយបន្ថែមទៀត ត្រៀម២៤ម៉ោងលើ២៤ម៉ោង ទាំងមធ្យោបាយ និងសម្ភារ ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ និងចុះណែនាំឲ្យប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នផងដែរ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ ឯម កុសល ក៏បានជំរុញកម្លាំងនគរបាល ត្រូវបន្ដខិតខំប្រឹងប្រែងអនុវត្តការងារជំនាញ នគរបាល និងសហគមន៍ CPI និងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក្នុងផែនការទាំង១០ចំណុចរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញឲ្យអនុវត្ត៕