(បន្ទាយមានជ័យ)​៖ នាព្រឹកថ្ងៃទី១១​ ខែសីហា​ ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង ទីប្រឹក្សាផ្ទាល់សម្តេចក្រឡាហោម ស ខេង និងជាប្រធានអង្គភាពកីឡានគរបាលជាតិកម្ពុជា, លោកលី សារី អភិបាលរងខេត្ត និងលោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត ចូលរួមកម្មវិធីប្រកួតកីឡាវាយសី ដណ្តើមពាន់រង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១៤ ឆ្នាំ២០១៨ នៅក្លឹបវាយសីមានជ័យ ក្រុងប៉ោយប៉ែត ស្ថិតនៅបរិវេណវិឡាមានជ័យ ក្រុងប៉ោយប៉ែត ក្នុងភូមិគីឡូម៉ែត្រ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកសាន​ ស៊ានហូ​​ បានថ្លែងថា ក្លិបវាយសីនេះជាសមិទ្ធផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធផលនានាជាច្រើនរបស់រដ្ឋបាល ដែលបានកសាងឡើង នៅចុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា ដោយក្លឹបវាយសីនេះ បានដឹកនាំកសាង និងត្រួតពិនិត្យលក្ខណៈ បច្ចេកទេស មានលក្ខណៈល្អ សមរម្យ ត្រឹមត្រូវតាមក្បួនខ្នាត បានអាចប្រើប្រាស់បានយូអង្វែងសម្រាប់វិស័យកីឡាវាយសី ក្នុងក្រុងប៉ោយប៉ែត​យើង។

លោកអភិបាលក្រុងប៉ោយប៉ែត​ បានអំពាវនាវដល់ក្មួយៗជាយុវជន យុវនារីទាំងអស់ ចំណាយពេលវេលាចូលមកលេងកីឡាដើម្បីសុខភាព ចៀសវាងដាច់ខាតនូវអំពើឧបាយមុខផ្សេងៗ ដែលសង្គមស្អប់ខ្ពើម និងនៅអោយឆ្ងាយពីគ្រឿងញៀន ដើម្បីកិត្តិយស និងសុភមង្គលក្នុងគ្រួសារ ពីព្រោះកីឡាពិតជានាំមកនូវ មិត្តភាព សាមគ្គីភាព សុខភាព និងកិត្យានុភាពជាតិ ទីណាមានកីឡាទីនោះពិតជាមានភាពសប្បាយរីរាយ និងពោពេញទៅដោយសុខភាព និងសុមង្គល។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង បញ្ជាក់ថាភាពជោគជ័យដ៏ធំធេងបានមកពីការខិតខំប្រឹងប្រែង និងការរៀបចំផែនការ យុទ្ធសាស្ត្រច្បាស់លាស់ ពីថ្នាក់ដឹកនាំម្យ៉ាង ការឧបត្ថម្ភលើកទឹកចិត្តជាថវិកាក៏ជាកត្តារួមចំណែកក្នុងជោគជ័យនេះផងដែរ ព្រោះវាជាចលករជួយជំរុញ ឱ្យកីឡាករ មានទឹកចិត្តប្រកួតកាន់តែខ្លាំង។

សូមបញ្ជាក់ការប្រកួតដណ្តើមពាន់រង្វាន់សម្តេចក្រឡាហោមស ខេង លើកទី១៤ ឆ្នាំ២០១៨ មានចំនួន១២ក្រុម មានកម្ពុជា ថៃ វៀតណាម រួមមាន៖ ក្រុមកីឡាករ មកពីក្រសួងមហាផ្ទៃ, ក្រុមកីឡាករមកពីអគ្គនគរបាលជារិ, ក្រុមកីឡាករមកពី ក្រសួងមហាផ្ទៃភស្តុភា, ក្រុមកីឡាករមកពី ខេមារៈមហានគរ, ក្រុមកីឡាករមកពីក្រុងប៉ោយប៉ែត, ក្រុមកីឡាករមកពីខេត្តកោះកុង, ក្រុមកីឡាករមកពីខេត្តកំពង់ឆ្នាំង, ក្រុមកីឡាករមកពី ខេត្តបាត់ដំបង, ក្រុមកីឡាករមកពីប្រទេសវៀតណាម, ក្រុមកីឡាករមកពីប្រទេសថៃក្លឹប PKI និងក្លឹបKBC, ក្រុមកីឡាករមកពី ខេត្តសៀមរាប, ក្រុមកីឡាករមកពីខេត្តបន្ទាយមានជ័៧៕