(ភ្នំពេញ)៖ ដោយអនុវត្តតាមមាគ៌ាដឹកនាំប្រកបដោយគុណធម៌របស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ដែលជានិច្ចកាលតែងលើកទឹកចិត្តដល់មេបញ្ជាការគ្រប់លំដាប់ថ្នាក់នៅក្រោម ការទទួលខុសត្រូវរបស់លោក ឲ្យមានស្មារតីម្ចាស់ការ ក្នុងការដឹកនាំកសាងអង្គភាព និងគ្រប់គ្រងសតិអារម្មណ៍នាយទាហាន នាយទាហានរង និងពលទាហានរបស់ខ្លួន ដោយស្មារតីយកចិត្ត ទុកដាក់ខ្ពស់បំផុត និងតាមដានពីសុខទុក្ខរបស់ពួកគេក៏ដូចជាក្រុមគ្រួសារ ធ្វើយ៉ាងណាកុំឲ្យពួកគេធ្លាក់ខ្លួនទៅក្នុងស្ថានភាពលំបាកវេទនា។
ជាក់ស្ដែងនៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីក្រោមឱវាទរបស់ខ្លួនជាច្រើនរូប នាំយកថវិកាសប្បុរសរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន៥ពាន់ដុល្លារ រួមជាមួយទឹកក្រូចទឹកសុទ្ធ ទៅសួរសុខទុក្ខ និងប្រគល់ជូនមិត្តរួមការងារម្នាក់ គឺលោកវរសេនីយ៍ត្រី ឃ្លោក ចាន់ដារ៉ា មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ដែលទើបតែត្រឡប់មកពីទទួលការវះកាត់ ព្យាបាលជំងឺធ្ងន់ធ្ងរ នៅប្រទេសឥណ្ឌា។
ស្ថិតក្នុងអាការៈយកចិត្តដាក់ និងព្រួយបារម្ភ ម្នាក់ៗត្រឡប់ជាមានចិត្តរីករាយត្រេកអរពេលដែលបានឃើញ ទឹកមុខ និងស្ថានភាពអ្នកជំងឺ បានស្រស់ស្រាយសប្បាយចិត្ត ព្រោះតែគាត់រំភើបពេលឃើញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏ដូចជាមិត្តរួមការងារ បានចុះមកសួរសុខទុក្ខដោយផ្ទាល់ ព្រមទាំងភ្ជាប់មកជាមួយថវិកា គ្រួសារអាវុធហត្ថដែលបានប្រមែប្រមូលគៀងគរជួយគ្នា ជាបន្តបន្ទាប់គ្រប់កាលៈទេសៈ៕