(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែកក្កដា ឆ្នាំ២០១៨ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត ក្រោមអធិបតីភាពលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដោយមានការចូលរួមរបស់អគ្គនាយករង លោកប្រធាន អនុប្រធាននាយកដ្ឋាន សាខាពន្ធដារខេត្ត ខណ្ឌ និងមន្ត្រីរាជការពន្ធដារ ពាក់ព័ន្ធជាច្រើននាក់។
ក្នុងឱកាសនោះ លោក គង់ វិបុល បានបង្ហាញថា ក្នុងខែកក្កដា ឆ្នាំ២០១៨នេះ លទ្ធផលប្រមូលចំណូលពន្ធរបស់ អគ្គនាយកដ្ឋានពន្ធដារ ទទួលបានចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online) មានចំនួន ៦៨៩.៧១ពាន់លានរៀល (ប្រមាណជា១៧២.៤៣លានដុល្លារអាមេរិក)។ ប្រសិនបើប្រៀបធៀបទៅនឹងចំណូលខែកក្កដា ឆ្នាំ២០១៧ (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online) ឃើញថា ការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ ក្នុងខែកក្កដា ឆ្នាំ២០១៨ កើនឡើងចំនួន១៨៦.៧១ពាន់លានរៀល (ប្រមាណ៤៦.៦៨លានដុល្លារអាមេរិក) ស្មើនឹង ៣៧.១២%។
លោកអគ្គនាយកបានបញ្ជាក់ទៀតថា សរុបក្នុងរយៈពេល០៧ខែ ឆ្នាំ២០១៨នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករបានចំនួន ៥,៤២៥.៥៦ពាន់លានរៀល (ប្រមាណជា១,៣៥៦.៣៨លានដុល្លារអាមេរិក) ឬស្មើនឹង ៧០.២៤%។ ប្រសិនបើប្រៀបធៀបនឹង៧ខែឆ្នាំ២០១៧ ឃើញថាការប្រមូលពន្ធ-អាករគ្រប់ប្រភេទ (តាមប្រព័ន្ធអនឡាញ) ក្នុង៧ខែឆ្នាំ២០១៨ កើនឡើងចំនួន ៧០៨.៥៦ពាន់លានរៀល (ប្រមាណ១៧៧.១៤លានដុល្លារអាមេរិក) ស្មើនឹង១៥.០២%។ អគ្គនាយកដ្ឋានពន្ធដាររំពឹងថា ចំណូលពន្ធ-អាករគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០១៨ អាចប្រមូលបានគ្រប់ផែនការកំណត់ដោយច្បាប់។
លោក គង់ វិបុល បានបញ្ជាក់ថា កំណើនចំណូលពន្ធក្នុងខែកក្កដានេះធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លងមក បានឆ្លុះបញ្ចាំងថា សាធារណៈជន និងអ្នកវិនិយោគជាតិ និងអន្តជាតិ មានជំនឿទុកចិត្តលើ រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។ អនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ លោកអគ្គនាយកបានណែនាំដល់មន្រ្តីពន្ធដារ ទាំងអស់ត្រូវបំពេញតួនាទីជាអ្នកបម្រើរាស្ត្រ និងជាអ្នកផ្តល់សេវាជូនសាធារណជន មិនមែនជាអ្នកត្រួតត្រាទេ ហើយត្រូវកាត់បន្ថយជា អតិបរមានូវការរអ៊ូរទាំរបស់អ្នកជាប់ពន្ធ និងផ្តល់កិច្ចសហការល្អក្នុងការបង់ពន្ធជូនប្រជាពលរដ្ឋ។
បន្ថែមពីលើនេះ លោកអគ្គនាយកបានណែនាំ ដល់គ្រប់អង្គភាពឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ ក្នុងការឆ្លើយតបទៅកាន់អ្នកជាប់ពន្ធ សំដៅឱ្យពួកគាត់រីករាយទទួលយក។
លោក គង់ វិបុល ក៏បានវាយតម្លៃខ្ពស់ និងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារគ្រប់ជាន់ថ្នាក់ នៅតាមអង្គភាពក្រោមឱវាទ អគ្គនាយកដ្ឋានពន្ធដារ ដែលបាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការខិតខំប្រឹងប្រែងប្រមូលចំណូល ដែលទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ហើយនេះគឺជាជោគជ័យ និងជាសមិទ្ធផលរួមរបស់អគ្គនាយកដ្ឋានពន្ធដារទាំងមូល៕