(សៀមរាប)៖ សួនកេសរកូលព្រៃ (អ័រគីដេ) ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅជើងភ្នំគូលែន ខេត្តសៀមរាប សាងសង់សម្រេចបានប្រមាណ ៨០ភាគរយហើយ។
សួនកេសរកូលព្រៃភ្នំគូលែន មានទីតាំងនៅជើងភ្នំគូលែន ក្បែស្នាក់ការបរិស្ថាន ដែលមានទំហំ ២៥ម៉ែត្រ គុណ ៣៥ម៉ែត្រ ដែលអាចផ្ទុកកេសរកូលបានប្រមាណពី ១៥,០០០-២០,០០០ដើម និងរក្សាទុកកេសរកូលបានប្រមាណ ២,០០០ប្រភេទ សម្រាប់តំបន់ភ្នំគូលែនផ្ទាល់ អាចមានប្រភេទកេសរកូលពី ១០០-២០០ប្រភេទ។
សួននេះត្រូវបានផ្តួចផ្តើមសាងសង់ឡើងដោយនាយកដ្ឋានជីវៈចម្រុះ នៃក.ជ.អ.ច. សហការជាមួយលោក នួន មុនី ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប និងលោក សុខ វិជ្ជា ម្ចាស់កសិដ្ឋាន The Bloom Garden Greenhouse ក្នុងគោលបំណងដើម្បីការពារ សង្គ្រោះ និងអភិរក្សប្រភេទកេសរកូលព្រៃកម្ពុជា ដែលទទួលរងការគំរាមកំហែង និងជិតផុតពូជពីព្រៃធម្មជាតិ ជាពិសេសនឹងក្លាយជាទីកន្លែងសិក្សាស្រាវជ្រាវ និងអភិរក្សក្រៅតំបន់ផងដែរ។
នាថ្ងៃអនាគតសួនកេសកូលព្រៃនេះ ក៏នឹងត្រូវបានពង្រឹងឲ្យក្លាយទៅជាគោលដៅទេសចរណ៍ធម្មជាតិថ្មីមួយទៀតក្នុងតំបន់ភ្នំគូលែន ដែលអាចទាញយកចំណូលពីការចូលទស្សនារបស់ភ្ញៀវដើម្បីទ្រទ្រង់ដំណើរការប្រតិបត្តិការរបស់សួនតែម្ដង។ បច្ចុប្បន្នការងារសាងសង់សម្រេចបានប្រមាណ៨០% ហើយ ដោយបានរៀបចំស្រះទឹកបែបធម្មជាតិ និងមានផែនការរៀបចំថ្នាលបណ្ដុះ ថ្នាលតាំងបង្ហាញ និងឌីសាញផ្នែកខាងក្នុងជាបន្តបន្ទាប។
ក្នុងឱកាសចុះត្រួតពិនិត្យការសាងសង់សួននេះកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ លោក ទិន ពន្លក អគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. បានកោតសរសើរចំពោះនាយកដ្ឋានជីវៈចម្រុះ ដែលបានសហការល្អជាមួយមន្ទីរបរិស្ថានខេត្តសៀមរាប និងម្ចាស់កសិដ្ឋាន The Bloom Garden Greenhouse រៀបចំសាងសង់សួននេះឡើង។
លោក បានចាត់ទុកសួនថ្មីនេះ នឹងក្លាយជាសួនកេសរកូលព្រៃធំដំបូងគេបង្អស់នៅកម្ពុជា ដែលរួមចំណែកក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះរបស់ប្រទេសកម្ពុជា។ លោក ក៏បានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវបន្តខិតខំធ្វើការសិក្សាស្រាវជ្រាវលើប្រភេទកេសរកូលព្រៃបន្តទៀត ដែលនេះជាផ្នែកដ៏សំខាន់ក្នុងការគាំទ្រដល់ការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីជីវៈចម្រុះ និងពិធីសារណាហ្គូយ៉ាស្តីពីABS៕