(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញឲ្យមន្ត្រីថ្នាក់ដឹកនាំទាំងថ្នាក់ជាតិ និងថ្នាក់ខេត្តចំណុះឲ្យក្រសួងបរិស្ថាន ខិតខំបង្កើនប្រសិទ្ធភាពការងារនៅក្នុងអាណត្តិថ្មីនៃរាជរដ្ឋាភិបាល។
ការជំរុញរបស់លោក សាយ សំអាល់ បានធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងលើកទិសដៅឆ្នាំ២០១៩-២០២៣ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ចំណុះក្រសួងបរិស្ថាន បណ្តាមន្ទីរបរិស្ថានទាំង ២៥រាជធានី-ខេត្ត ក្នុងការជំរុញបន្ថែមក្នុងការរៀបចំផែនការយុទ្ធសាស្រ្តអនុវត្តលើការគ្រប់គ្រងវិស័យបរិស្ថានដល់មន្រ្តីគ្រប់ជំនាញ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី សាយ សំអាល់ បានលើកទឹកចិត្ត និងជំរុញដល់ថ្នាក់ដឹកនាំដែលកាន់ ឬក៏ធ្វើការសម្រេច ចិត្តលើវិស័យនីមួយៗលើការងារវិស័យបរិស្ថាននេះ និងបន្តគូសវាសនូវផែនការអភិវឌ្ឍលើការគ្រប់គ្រង ថែរក្សាអភិរក្សធនធានព្រៃឈើ ធនធានជីវចម្រុះ ក៏ដូចជាការលើកកម្ពស់ការយល់ដឹង រួមទាំងកម្រិតជីវភាពរបស់ប្រជាសហគមន៍ក្នុងតំបន់ការពារធម្មជាតិផងដែរ។
លោក សាយ សំអាល់ បានបន្តថា ប្រសិទ្ធភាពការងារល្អ ទាមទារឲ្យមានការចូលរួមទាំងគំនិត មតិយោបល់ និងសកម្មភាពថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន នាយកដ្ឋាន និងបណ្តាមន្ទីរបរិស្ថាន និងមន្រ្តីអនុវត្តទាំងអស់គ្នា ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់ក្រសួងបរិស្ថាន៕