(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូចុះទៅភូមិភាគឦសាន ដើម្បីពិនិត្យស្ថានភាពផ្លូវជាតិលេខ៧៣ លេខ៣៨៣A និងផ្លូវជាតិមួយចំនួនទៀត ក្នុងខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី និងព្រះវិហារ ដែលកំពុងរងការគំរាមកំហែងដោយទឹកជំនន់។
ការចុះត្រួតពិនិត្យត្រូវបានធ្វើឡើងជាបន្តបន្ទាប់ចាប់ពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨មក ដើម្បីស្វែងយល់អំពីស្ថានភាព និងបានរកឃើញថា កំណាត់ផ្លូវមួយចំនួនបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងមធ្យម ហើយក្រសួងកំពុងសហការជាមួយ អាជ្ញាធរពាក់ព័ន្ធដើម្បីចាត់វិធានការទប់ស្កាត់ ហើយគ្រោងនឹងធ្វើការជួសជុលភ្លាមៗ លើទីតាំងខូចខាតបន្ទាប់ពីទឹកស្រក់វិញ។
សូមជម្រាបថា កន្លងមកកំណាត់ផ្លូវជាតិលេខ០៣ លេខ០៤ លេខ៣៣ លេខ៤១ លេខ៤៥ លេខ៤៨ លេខ៥៧ និងកំណាត់ផ្លូវជាតិដទៃទៀត ក៏ធ្លាប់បានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងផងដែរ ហើយក្រសួងក៏បានដោះស្រាយផលប៉ះពាល់ភ្លាមៗ ដើម្បីសម្រួលចរាចររបស់បងប្អូនប្រជាពលរដ្ឋឲ្យល្អប្រសើរឡើងវិញ។
ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ និងសូមរាយការណ៍មកក្រសួង និងអជ្ញាធរពាក់ព័ន្ធ ពីករណីការគំរាមកំហែងដោយទឹកជំនន់នេះ។ សូមកុំបើកបរលើសល្បឿនកំណត់ និងសូមធ្វើដំណើរប្រកបដោយសុវត្ថិភាព។
ក្នុងដំណើរចុះពិនិត្យស្ថានភាពផ្លូវជាតិទាំងនេះ នៅថ្ងៃសុក្រ ១៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ចំនួន៥០គ្រួសារ ស្ថិតក្នុងសង្កាត់ស្រះ ឬស្សី ក្រុងស្ទឹងត្រែង ដែលរងគ្រោះលិចលង់ផ្ទះសំបែង ស្រែចំការ និងដំណាំដាំដុះ។
អំណោយដែលបានចែកជូនប្រជាពលរដ្ឋពេលកំពុងជួបនូវទុក្ខលំបាក ដោយសារតែផ្ទះសំបែង ស្រែចំការ លិចលង់ដោយសារជំនន់ទឹកភ្លៀងនេះរួមមាន៖ គ្រឿងឧបភោគ បរិភោគមួយចំនួន និងថវិកា៧ម៉ឺនក្នុងមួយគ្រួសារ។
ជាមួយគ្នានោះលោកទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋត្រូវចេះថែសុខភាពផ្ទាល់ខ្លួន ត្រូវដាំទឹកឆ្អិនហូប ចៀសវាងកុំឱ្យមានជំងឺរាគរុសជាន់លើការលំបាកបន្ថែមទៀត។ បន្ទាប់ពីការចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់រួចមក លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឆ្លៀតឱកាសអញ្ជើញចូលសួរសុខទុក្ខលោកយាយ ខាវ ថងញ៉ុត ភរិយារបស់លោកតា ស៊ីន ស៊ីសាមុត អធិរាជសម្លេងមាស។
សូមជម្រាបជូនថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោមគំនិតផ្តួចផ្តើម របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាលនោះក្នុងនាមជារដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិកម្មសិទ្ធិ បញ្ញា បានដឹកនាំរៀបចំ កម្មវិធីប្រគុំតន្ត្រីសប្បុរសធម៌ “ពេលវេលាដែលត្រូវតបស្នង - វិភាគទានចំពោះ អធិរាជសម្លេងមាស លោក ស៊ីន ស៊ីសាមុត” និងបានរៃអង្គាសថវិកា ដើម្បីជួលដល់ក្រុមគ្រួសារលោកយាយផងដែរ។
បន្ទាប់ពីបញ្ចប់ការងារចុះពិនិត្យផ្លូវនៅខេត្តស្ទឹងត្រែង លោកទេសរដ្ឋមន្ត្រី បានចុះមកពិនិត្យផ្លូវលេខ៣៧៧ ដែលជាការដ្ឋានផ្លូវវាង ប្រវែង២២៥០ម និងស្ថានភាពស្ពានកាំពី ឃុំសំបុក ស្រុកចិត្របុរី និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ចំនួន ៥០គ្រួសារ ក្នុងឃុំសណ្តាន់ ស្រុកសំបូរ។
ការចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ និងចុះពិនិត្យស្ថានភាពផ្លូវថ្នល់ និងស្ពានទាំងនេះ ធ្វើឡើង ដើម្បីដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ និងស្វែងយល់អំពីស្ថានភាព ជាក់ស្តែងនៃផលប៉ះពាល់ ដែលក្រសួងកំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បី ចាត់វិធានការទប់ ស្កាត់ និងគ្រោងនឹងធ្វើការជួសជុលភ្លាមៗ លើទីតាំងខូចខាតបន្ទាប់ពីទឹកស្រក់វិញ៕