(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា ជនជាតិចិន៣នាក់ ដែលបើកបរបង្កគ្រោះចរាចរណ៍បណ្តាល ឲ្យស្លាប់ និងរងរបួសអ្នកដទៃចំនួន៣ករណី ត្រូវបាននគរបាលរបស់លោកចាប់ខ្លួន និងរៀបចំបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជាក់ថា៖
*ករណីទ១៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបញ្ជូនខ្លួនអ្នកបើកបររថយន្ត ជនជាតិចិន ឈ្មោះ WANG HUAN ភេទប្រុស អាយុ៣៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខ E89930490 មុខរបរបុគ្គលិកកាស៊ីណូ ស្នាក់នៅភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ចែងតាមនីតិវិធីច្បាប់ ដែលពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចកាស៊ីណូ ហ្គោលឌែន ស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ បើករថយន្តថយក្រោយ បុកទ្វារកញ្ចក់ និងបុកអ្នកថ្មើរជើងឈ្មោះ ហ៊ុន សុផល ភេទប្រុស អាយុ៥១ឆ្នាំ បណ្ដាលឲ្យរងរបួសជើងធ្ងន់ធ្ងរ។
*ករណីទី២៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៤៨-១៤៩ ស្ថិតនៅក្នុងភូមិគីរីវ័ន ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង បង្កដោយរថយន្ត១គ្រឿងម៉ាក HIGHLANDER ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2P-2033 បើកបរដោយឈ្មោះ FANG GUANG FENG អាយុ៤៣ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EC3926985 មុខរបរលក់ដូរ ស្នាក់នៅខណ្ឌសែនសុខ មានទិសដៅពីភ្នំពេញ ឆ្ពោះមកខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើក៏បានបុកនឹងម៉ូតូ១គ្រឿងម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ផ្លាកលេខតាកែវ 1F-1868 បើកបរដោយឈ្មោះ ទិត សុជា អាយុ៣១ឆ្នាំ មុខរបរលក់តាប៉ែ មានទីលំនៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង(ទិសដៅផ្ទុយគ្នា)។
ភ្លាមៗនោះអ្នកបើកបរម៉ូតូ បានខ្ទាតមកលើផ្លូវក៏មានរថយន្ត១គ្រឿងទៀតម៉ាក TOYOTA VIP ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AB-3073 ជាកម្មសិទ្ធរបស់ក្រុមហ៊ុន មេគង្គអ៉ិចប្រេស អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានកិនពីលើអ្នកបើកបរម៉ូតូបណ្តាលឲ្យស្លាប់តែម្តង។ ចំណែករថយន្តម៉ាក HIGHLANDER រត់គេច រហូតដល់ ចំណុចមុខរោចក្រតំបន់សេដ្ឋកិច្ចពិសេស ស្ថិតនៅក្នុងភូមិបិតត្រាង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំបិតត្រាង ស្ទាក់ចាប់បានទាំងរថយន្ត និងអ្នកបើកបរបើកបរ។ ចំណែកអ្នកបើកបររថយន្ត TOYOTA VIP រត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ។
អ្នកបើកបររថយន្តឈ្មោះ FANG GUANG FENG បាននាំខ្លួនមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។ វត្ថុតាង រថយន្តTOYOTA VIP និង ម៉ូតូ១គ្រឿង បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា និងរថយន្តម៉ាក HIGHLANDER បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។
*ករណីទី៣៖ វេលាម៉ោង១:១០នាទីយប់ ថ្ងៃសុក្រទី១០ ខែសីហា ឆ្នាំ២០១៨ លើផ្លូវឯករាជ្យត្រង់ចំណុចស្តុប៣៣៣ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយរថយន្ត០១គ្រឿងម៉ាក LEXUS RX300 ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ 2B-3687 បើកបរដោយឈ្មោះ CHENG GIMAN ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន សញ្ជាតិចិន កាន់លិខិតឆ្លងដែនលេខ E00498881 (គ្មានប័ណ្ណបើកបរ និងមិនសហការជាមួយសមត្ថកិច្ចក្នុងការពិនិត្យជាតិអាកុល) មុខរបរលក់ដូរស្នាក់នៅភូមិ២ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ មានទិសដៅពីលិច ឆ្កោះទៅកើត។
លុះមកដល់ចំណុចកើតហេតុ បានបុកពីក្រោយរថយន្ត០១គ្រឿងម៉ាក PORSCHE ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AK-3336 អ្នកបើកបរដោយឈ្មោះ PERERA WPATABENDEGE S.N ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិស្រីលង្កា សញ្ជាតិស្រីលង្កា កាន់លិខិតឆ្លងដែនលេខ N6652131 មុខរបរអគ្គនាយកក្រុមហ៊ុន ស្នាក់នៅភូមិ១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានទិសដៅស្របគ្នា។
ករណីគ្រោះថ្នាក់នេះមិនបង្កឲ្យមានមនុស្សរងរបួសទេ បណ្ដាលឲ្យខូចខាតរថយន្តទាំង០២គ្រឿងកំរិតធ្ងន់ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក។ ដោយសារអ្នកបើកបរបង្កហេតុ ជាជនជាតិចិន ដូចមានឈ្មោះខាងលើ មិនព្រមសារភាព និងបានប្រាប់សមត្ថកិច្ចថា ខ្លួនគេមិនមែនជាអ្នកបើកបរទេ អ្នកបើកបរគឺ ជានារីខ្មែរម្នាក់ ដែលរូបគេស្គាល់នៅហាងផឹកស៊ី (មិនស្គាល់ឈ្មោះ) ជាអ្នកជូនរូបគេទៅរកកន្លែងដេក។
ក្រោយពីបានធ្វើការស្រាវជ្រាវ និងមានសាក្សីបញ្ជាក់ កម្លាំងជំនាញបានសន្និដ្ឋានថា អ្នកបើកបររថយន្តម៉ាក LEXUS RX300 បង្កគ្រោះថ្នាក់ចរាចរណ៍ជាជនជាតិចិនឈ្មោះ CHENG GIMAN ភេទប្រុស ពិតប្រាកដមែន។
បច្ចុប្បន្នកម្លាំងជំនាញកំពុងរៀបចំសំណុំរឿង បញ្ចូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕