(ស្វាយរៀង)៖ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តស្វាយរៀង បានប្រើប្រាស់គ្រឿងគ្រឿងចក្រជាច្រើនគ្រឿង រួមនិងបរិក្ខាប្រេងឥន្ទនៈ ជាច្រើនពាន់លីត្រ ដើម្បីចុះជីកស្តារប្រឡាយមេ នាំទឹកទៅសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋចំនួន៨ឃុំ ស្ថិតនៅក្នុងស្រុកចំនួន៣ របស់ខេត្តស្វាយរៀង ដែលកំពុងជួបគ្រោះរាំងស្ងួត និងបានបំផ្លាញដំណាំស្រូវ ដំណំាចំការរបស់ពលរដ្ឋក្នុងរដូវវស្សានេះ។
ស្រុកទាំងដែលជួបគ្រោះរាំងស្ងួតនេះរួមមាន៖ ស្រុកកំពង់រោទិ៍ ស្រុកស្វាយជ្រុំ និងស្រុករមាសហែក ត្រូវបានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បញ្ជូនទៅដល់ភូមិ-ឃុំគោលដៅដែលជួបគ្រោះរាំងស្ងួត ដើម្បីជីកស្តារប្រឡាយមេនាំយកទឹក ទៅធ្វើការសង្គ្រោះស្រូវ រួចរាល់ហើយនៅប៉ុន្មានសប្តាហ៍នេះ បន្ទាប់ពីស្រូវរបស់ពលរដ្ឋនៅតំបន់ទាំងនេះ បានរងកង្វះទឹកបន្ទាប់ពីពលរដ្ឋបាន សាបព្រោះដកស្ទួងរួច។
លោក គឹម សាវុធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានឱ្យដឹងថា ខេត្តស្វាយរៀង ចាប់ពីដើមរដូវវស្សារហូតមកដល់ ខែសីហា ឆ្នាំ២០១៨នេះ នៅទូទាំងខេត្ត ទទួលបានរបបទឹកភ្លៀងចំនួន៧៨៩មីលីម៉ែត្រ សម្រាប់ឱ្យកសិករបង្កបង្កើនផល បន្ថែមពីលើប្រព័ន្ធធារាសាស្រ្ត ដែលមាននៅពាសពេញខេត្តតែប៉ុណ្ណោះ។ ហើយនៅក្នុងឆ្នាំ២០១៨នេះ ដែរនៅក្នុងខេត្តស្វាយរៀង មានភូមិចំនួន២២ភូមិ ក្នុងឃុំចំនួន៨ នៃស្រុកកំពង់រោទិ៍ និងស្រុករមាសហែក បានប្រឈមនិងកង្វះទឹកសម្រាប់ធ្វើស្រែបង្កបង្កើនផលដំណាំ និងនៅប៉ុន្មានសប្តាហ៍នេះ ដែលនៅមានឃុំមួយចំនួន នៃស្រុកស្វាយជ្រុំ បានប្រឈមកង្វះទឹកបំប៉នសន្ទួង ដែលសាបព្រោះរួចហើយផងដែរ។
លោកប្រធានមន្ទីរ បានបញ្ជាក់បន្ថែមថា គ្រោះធម្មជាតិរាំងស្ងួតកង្វះទឹកប្រើប្រាស់ក្នុងការបង្កបង្កើនផលនៅខេត្តស្វាយរៀង មកដល់បច្ចុប្បន្ន នេះ មិនទាន់ធ្ងន់ធ្ងរនៅឡើយទេ ដោយកងអន្តរាគមន៍របស់មន្ទីរបានបញ្ជូនគ្រឿងចក្រទៅជីកស្ថាប្រឡាយ មេនាំទឹកក្នុងភូមិសាស្ត្រ គោលដៅរាំងស្ងួតរួចរាល់ហើយដែរ៕