(ភ្នំពេញ)៖ មន្ត្រីជំនាញសុវត្ថិភាពម្ហូបអាហារ នៃអគ្គនាយកដ្ឋានកាំកុងត្រូលបានបញ្ជាក់ថា គិតត្រឹមរយៈពេល៧ ខែឆ្នាំ២០១៨ នេះ ចំពោះបញ្ហាម្ហូបអាហារដែលមានសារធាតុគីមី និងខុសបច្ចេកទេស ឃើញថា មានការថយចុះ និងមិនសូវមានដាក់លក់នៅក្នុងទីផ្សារ ដោយសារអាជីវករមានការយល់ដឹងច្រើនជាងមុន។ នេះបើតាមការអះអាងរបស់លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូល ផែស្ងួតចុងទីភ្នំពេញ បានលើកឡើងនៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យ អប់រំ និងផ្សព្វផ្សាយពីសុវត្តិភាពម្ហូបអាហារនៅផ្សារទំនប់ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨។
លោក គង់ វុទ្ធី បានបន្តថា មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យ និងចុះមកផ្សព្វផ្សាយជូនដល់អាជីវករ នៅតាមទីផ្សារនានា ក៏ដូចជា នៅក្នុងផ្សារទំនប់នេះជាច្រើនលើក ច្រើនសារ អាជីវករដែលលក់ដូរនៅក្នុងផ្សារនេះ បានមានការយល់ដឹងច្រើនជាងមុន ហើយបានធ្វើការកែតម្រូវ មកចេះគិតគូរពីសុខភាពរបស់អតិថិជនឡើងវិញ។
លោកបានបញ្ជាក់ទៀតថា ការចុះត្រួតពិនិត្យគុណភាពម្ហូបអាហារនៅពេលនេះ គឺកាំកុងត្រូល បានចុះមកត្រួតពិនិត្យជាប្រចាំ ហើយការចុះត្រួតពិនិត្យនេះ ទៀតសោត គឺមិនមែនចុះត្រួតពិនិត្យតែផ្សារនេះតែប៉ុណ្ណោះទេ គឺធ្វើឡើងនៅតាមផ្សារទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដែលរួមមាន ទាំងផ្សារទំនើប និងនៅតាមហាងលក់ទំនិញផងដែរ។
លោកបានបន្តថា ក្នុងការចុះប្រតិបត្តិការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការណែនាំដល់អាជីវករទាំងអស់បន្ថែមទៀត អំពីផលប៉ះពាល់មកលើមនុស្ស ដែលបណ្តាលមកពីម្ហូបអាហារ ដែលមិនមានគុណភាព ដើម្បីឲ្យអាជីវករគ្រប់រូប បានគិតគូពីសុវត្តិភាពរបស់អតិថិជនខ្លួន ដោយមិនធ្វើការដាក់បន្ថែមនូវសារធាតុគីមី រឺទំនិញហួសកាលបរិច្ចេទ ដែលបណ្តាលអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
លោកបានបញ្ជាក់ទៀតថា មន្ត្រីជំនាញកាំកុងត្រូលនៅគ្រប់បណ្តាសាខាទូទាំងប្រទេស និងធ្វើសកម្មភាពចុះត្រួតពិនិត្យដូចភ្លៀងរលឹម ដើម្បីស្វែងរក និងតាមបង្កា្របឲ្យបាននូវការផលិត ដែរផ្ទុយពីច្បាប់អនុញ្ញាត និងការបង្កហានិភ័យដល់សុខុមាលភាពប្រជាពលរដ្ឋ។
មន្ត្រីជំនាញបានធ្វើការណែនាំដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូល ចែកចាយ ត្រូវតែស្គាល់ពីប្រភពច្បាស់លាស់ជាមុនសិន មុននឹងទទួលទិញយកមកលក់ ហើយត្រូវបញ្ចប់ការលាយបន្ថែមនូវសារធាតុគីមីឃាត់ទៅលើផលិតផលម្ហូបអាហារដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងបានបន្តណែនាំដល់ក្រុមអាជីវករទាំងអស់ ដាក់តាំងលក់ផលិតផលអោយត្រូវតាមលក្ខណះបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ដែលផ្ទុកសារធាតុពុលនិង ម្ហូបអាហារហាមការដាក់តាំងផលិតផលភេសជ្ជះត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផល ហួសកាលបរិច្ឆេទជាដើម។
ជាមួយគ្នានោះដែរ អាជីវករលក់ដូរនៅក្នុងផ្សារទំនប់ បានសម្តែងនូវការសប្បាយរីករាយ និងវាយតម្លៃខ្ពស់ចំពោះ មន្ត្រីជំនាញកាំកុងត្រូលដែលបានចុះធ្វើការត្រួតពិនិត្យ នូវទំនិញ ម្ហូបអាហារ ដែលដាក់លក់នៅក្នុងផ្សាររបស់ខ្លួន ដើម្បីបង្ហាញពីគុណភាព និងអនាម័យជូនដល់អតិថិជន ។ លោកស្រីបានធ្វើការសន្យា និងធ្វើការណែនាំដល់សមាជិកក្រុមគ្រួសារទាំងអស់ អោយចូលរួមសហការជាមួយមន្ត្រីជំនាញ ក្នុងការគិតគូរពីសុខភាពរបស់អ្នកប្រើប្រាស់ តាមរយៈការមិនដាក់លាយនូវសារធាតុហាមឃាត់ និងមិនដាក់លក់នូវផលិតផលដែលគ្មានគុណភាព និងហួសកាលបរិច្ចេតជាដើម ។
សូមបញ្ជាក់ថា ចំពោះប្រតិបត្តិការចុះត្រួតពិនិត្យលើមុខទំនិញ និងម្ហូបអាហារ នៅផ្សារទំនប់នាព្រឹកនេះ មន្ត្រីជំនាញកាំកុងត្រូល បានធ្វើការយក ទំនិញចំនួន៦៧ ធាតុ មកធ្វើការពិសោធន៍ និងលើរថយន្តឡាបូ ភ្លាមតែម្តង ។ ក្រោយពីធ្វើការពិសោធន៍រួច មន្ត្រីជំនាញ បានបញ្ជាក់ថាមិនមានរកឃើញសារធាតុគីមីហាមឃាត់ណាមួយ នៅលើមុខទំនិញដែលកំពុងដាក់លក់នៅក្នុងផ្សារនេះទេ ដែលនេះជាការបង្ហាញអោយឃើញ ពីកិច្ចខិតខំប្រឹងប្រែង ក៏ដូចជាការសហការគ្នារវាងមន្ត្រីជំនាញកាំកុងត្រូល និងអាជីវករ។
ជាមួយគ្នានោះលោក គង់ វុទ្ធី បានបញ្ជាក់ថាសកម្មភាពទាំងនេះធ្វើឡើងតាមបទបញ្ជា ប្រធានប្រតិភូទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ ដែលគិតអំពីសុវត្ថិភាពនិងសុខភាពដល់បងប្អូនប្រជាពលរដ្ឋ ហើយសកម្មភាពនេះគឺបានធ្វើឡើងដូច ភ្លៀងរលឹមយ៉ាងដូច្នេះដែរ៕