(ភ្នំពេញ)៖ ព្រះគ្រូព្រះព្រហ្មេជោតោបណ្ឌិត ម៉ាធារី ព្រះគ្រូចៅអធិការវត្ដបញ្ចកែវមុន្នីឫស្សីសាញ់ បានប្រគេនទេយ្យទាន ជាគ្រឿងឧបភោគបរិភោគ និងថវិកាដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ។
ពិធីនះបានធ្វើឡើងនៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨នេះ លោក ម៉ូវ ម៉ានិត ប្រធានកិត្តិយសគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខ, លោកស្រី ខៀវ លីលី និងលោក សក់ ច័ន្ទកញ្ញារិទ្ធ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ រួមនឹងសមាជិកសមាជិកា អនុសាខាមន្រ្តីរាជការ បានអញ្ជើញទទួលទេយ្យទានគ្រឿងឧបភោគបរិភោគ និងថវិកាពីព្រះគ្រូ ព្រះព្រហ្មេជោតោ បណ្ឌិត ម៉ាធារី ព្រះគ្រូចៅអធិការវត្ដបញ្ចកែវមុន្នីឫស្សីសាញ់ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីត្រៀមយកចាត់ចែងចុះជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ខ្វះខាត មានជំងឺ ជនពិការ ស្រ្តីឆ្លងទន្លេ និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះទុរភិក្សផ្សេងៗ ដែលកើតមាននៅក្នុងមូលដ្ឋានខណ្ឌសែនសុខ ជាបន្តបន្ទាប់ ។
ទេយ្យទានទាំងនោះ មានដូចជា៖ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់មួយចំនួន និងថវិការួមមាន៖ បាឡុងចំនួន១០ប្រដាប់ អង្ករចំនួន ០៥បាវ ទឹកបរិសុទ្ធចំនួន ៤០កេស មីចំនួន ៤០កេស ធុងទឹកកកចំនួន ២០ធុង កំសៀវទឹកចំនួន ២០ ជ្រុញចំនួន៥០ បំពង់ទឹកក្តៅចំនួន៣០ ឆ្នាំងខ្ទះចំនួន៤០ ឆ្នាំងបាយចំនួន៤០ ចង្រ្កានហ្គាសចំនួន២២ ចានស្រាក់ចំនួន៣០ វែកឆាចំនួន៤០ ចានដែកចំនួន១០ និងថវិកាចំនួន ១.០០០.០០០រៀល ក្នុងនោះ ក៍មានការចូលរួមពីព្រះគ្រូសូត្រឆ្វេងស្តាំ និងព្រះសង្ឃក្នុងវត្តផងដែរ៕