(ភ្នំពេញ)៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន ដើម្បីអនុវត្តន៍គម្រោងវិនិយោគ មជ្ឈមណ្ឌលពាណិជ្ជកម្ម សណ្ឋាគារ និងរោងចក្រថ្មីៗចំនួន៤ទៀត សរុបទុនវិនិយោគ១០០លានដុល្លារ។

ក្រុមហ៊ុនទាំង៤នោះរួមមាន៖

១៖ ក្រុមហ៊ុន MAKRO (CAMBODIA) COMPANY LIMITED. គម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិគោកត្នោត ឃុំសណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានទុនវិនិយោគ ១៨,៧៦៥,២៣៧ដុល្លារអាមេរិក និងអាចបង្កើតការងារបាន១៧៩កន្លែង។

២៖ ក្រុមហ៊ុន BOONMA HENG CO.,LTD. គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤ ចំនួន៣៩២បន្ទប់ និងមជ្ឈមណ្ឌល ពាណិជ្ជកម្ម «ផ្សារទំនើប» ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានទុនវិនិយោគ ៦៨,២៩៧,៥៣៥ដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៨៣៦កន្លែង។

៣៖ ក្រុមហ៊ុន RONG WIN GARMENT CO.,LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ J សួនឧស្សាហកម្មវឌ្ឍនៈ១ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគ ៩,៤៥៣,៩៩៥ដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២,១២១កន្លែង។

៤៖ ក្រុមហ៊ុន E 1 RENEWABLE ENERGY CO.,LTD. គម្រោងបង្កើតរោងចក្រផលិតប្រេងម៉ាស៊ូតពីសំណល់ប្លាស្ទិក និងសំណល់ប្រេងម៉ាស៊ីន (ប្រមូលទិញក្នុងស្រុក) ដែលមានទីតាំងវិនិយោគស្ថិតភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគ ៣,៦២២,៥០០ដុល្លារ អាមេរិក និងអាចបង្កើតការងារបាន ២,១២១កន្លែង៕