(រតនគិរី)៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី បានដឹកនាំមន្ត្រីក្រោមឱវាទយកទៀនវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន ទៅប្រគេនវត្តចំនួន៨ នៅស្រុកកូនមុំ។ ពិធីនេះប្រារព្ធធ្វើនៅវត្តរតនារាមអូរចេង ស្ថិតក្នុងភូមិតាអង ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។
លោកឧត្តមសេនីយ៍ត្រី គឹម រស្មី បានឲ្យដឹងថា ក្រៅពីការងារបម្រើប្រទេសជាតិ, បម្រើប្រជាពលរដ្ឋនោះ អង្គភាពអាវុធហត្ថខេត្ត តែងតែមានសទ្ធាជ្រះថ្លា ចូលរួមចំណែកកសាងពុទ្ធចក្រ។ លោកបន្តថា ជាក់ស្តែងនៅថ្ងៃនេះ មន្ត្រីក្រោមឱវាទលោក បានកៀរគរបច្ច័យទិញគ្រៀងឧបភោគ និងបរិភោគប្រារព្ធពិធីតាមបែបពុទ្ធសាសនានេះឡើង។
បើតាមគណៈកម្មការវត្តរតនារាមអូរចេង ប្រាប់ឲ្យដឹងថា វត្តចំនួន៨នោះ រួមមាន៖ វត្តរតនារាមអូរចេង, វត្តតឺន, វត្តអូរភ្លង, វត្តត្រពាំងច្រែស, វត្តត្រពាំងក្រហម, វត្តស្រែអង្ក្រង, វត្តស្រែពក, និងវត្តត្រពាំងសារ៉ាយ។ គណៈកម្មការវត្ត បានបន្តថា ក្នុង១វត្តទទួលបានទៀនវស្សាធំ១គូ, បច្ច័យ៥៦ម៉ឺនរៀល, មី៧កេះ, អង្ករ១បេ (៥០គីឡូក្រាម), ទឹកសុទ្ធ២កេះ, ត្រីខ១យួរ, ទឹកស៊ីអៀវ៥យួរ, សាដក១កញ្ចប់ និងភេសជ្ជៈផ្សេងៗទៀត។
គណកម្មាការវត្តរតនារាមអូរចេង ប្រាប់បន្តថា សមិទ្ធផលជាច្រើនក្នុងវត្ត មានការរីកចម្រើនដូចសព្វថ្ងៃនេះ គឺបានការផ្តួចផ្តើមពីលោកឧត្តមសេនីយ៍ត្រី គឹម រស្មី និងព្រមទាំងមន្ត្រីអាវុធហត្ថ ដែលតែងតែមានសទ្ធាជ្រះថ្លាក្នុងវិស័យពុទ្ធសាសនាកន្លងមក៕