(ភ្នំពេញ)៖ សាលាប៊ែលធីអន្តរជាតិ បានរៀបចំកម្មវិធី «ប្រកួតប្រជែងនិយាយភាសា អង់គ្លេស (English Speaking Contest Program)» វគ្គផ្តាច់ព្រ័ត្រលើកទី១០ សម្រាប់សិស្សភាសាអង់គ្លេស Level3 Level6 Level9 និង Level12 នៅសាលាប៊ែលធី អន្តរជាតិទី៩ (សាខាស្ទឹងមានជ័យ) ដែលមានបេក្ខជនវគ្គផ្តាច់ព្រ័ត្រ ចំនួន២៤នាក់ មកពី១៤សាខា ក្រោមអធិបតីភាព លោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា តំណាងលោក លី ឆេង អគ្គនាយកប៊ែលធី គ្រុប។
តាមរបាយការណ៍ លោក ចាន់ ទីតា ប្រធានការិយាល័យ ESL បានឲ្យដឹងថា បច្ចុប្បន្ននេះសាលា ប៊ែលធី អន្តរជាតិ មាន២១សាខា ក្នុងនោះ១៩សាខា កំពុងដំណើរការ និង០២សាខា កំពុងសាងសង់ដែលមានសិស្សកំពុងសិក្សា៣៦,៦០៨នាក់។ កម្មវិធីសិក្សាផ្នែកភាសាអង់គ្លេសទូទៅ ត្រូវបានរៀបចំសម្រិត សម្រាំងតាមស្តង់ដារអន្តរជាតិ ហើយសៀវភៅសិក្សា ត្រូវបានសហការគាំទ្រដោយក្រុមហ៊ុន McGraw-HILL Education នៅសហរដ្ឋអាមេរិក។
ក្នុងនោះដែរ សាលាក៏បានបន្ថែមកម្មវិធីសិក្សាដូចជា ចម្រៀង រឿងនិទាន និងទស្សនៈវាគ្មិនល្បីៗ ដល់សិស្សគ្រប់កម្រិតចាប់ពី Preschool1 ដល់Level12។ នៅពេលបញ្ចប់ Level12 សិស្សមានសមត្ថភាពគ្រប់គ្រាន់ទាំងការនិយាយ ការស្តាប់ ការអាន និងការសរសេរ ជាពិសេសទទួលបានពិន្ទុ TOEFL ឬ IELTS យ៉ាងតិច៦.៥ឡើង ដែលអាចដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស។
ជាមួយគ្នានេះ លោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធីគ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានថ្លែងនូវការកោតសរសើរ ចំពោះប្អូនៗដែលបានខិតខំយកចិត្តទុក ដាក់រៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាបានល្អ មានវិន័យល្អ និងសីលធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គមរហូតទទួលបានជយលាភីនាពេលនេះ។
លោកអគ្គនាយករង ក៏បានបន្ថែមទៀតថា កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងពង្រឹង គុណភាព ក្នុងការនិយាយផ្នែកភាសាអង់គ្លេស ឲ្យកាន់តែប្រសើរឡើង ថែមទៀត ព្រមទាំងផ្តល់ឱកាសឲ្យសិស្សានុសិស្ស ដើម្បីបង្ហាញនូវសមត្ថភាព ឆ្លាតវៃ និងស្វែងរកអ្នកដែលពូកែបំផុតឲ្យស្របតាមបាវចនាប៊ែលធី «គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌»។
លោកអគ្គនាយករង ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ឲ្យខិតខំរៀនសូត្រ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ផ្នែកភាសាអង់គ្លេស ហើយអាចបន្តការសិក្សាថ្នាក់ មហាវិទ្យាល័យនានានៅក្នុង និងក្រៅប្រទេស ដែលអាចមានសមត្ថភាពចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ និងក្លាយជាអ្នកដឹកនាំល្អ និងជាទំពាំងស្នងឫស្សីដ៏ល្អ ក្នុងការអភិវឌ្ឍប្រទេសជាតិ ទៅថ្ងៃអនាគត។
បន្ថែមពីនេះ លោក លី ប៊ុនឆៃ បានថ្លែងអំណរគុណចំពោះអាណាព្យាបាលសិស្សទាំងអស់ ដែលតែងតែគាំទ្រសាលាប៊ែលធី អន្តរជាតិ ហើយក្នុងឱកាសបវេនសកាលថ្មី ចូលរៀនថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨នេះ សាលានឹងផ្តល់ជូននូវកម្មវិធីពិសេស ដូចជាថ្នាក់ចំណេះទូទៅ បង់ថ្លៃសិក្សា រយៈពេល១ឆ្នាំ ផ្តល់ជូនឯកសណ្ឋាន២កំប្លេ (ផុតកំណត់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨) និងថ្នាក់ភាសាអង់គ្លេស បង់ថ្លៃសិក្សា១វគ្គ ផ្តល់ជូនសៀវភៅគូល័រច្បាប់ដើម១ឈុត (ផុតកំណត់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨)ផងដែរ។
ជាទីបញ្ចប់ អគ្គនាយករង ប៊ែលធីគ្រុប ក៏បានប្រគល់មេដាយមាស មេដាយ ប្រាក់ មេដាយ សំរិទ្ធ និងរង្វាន់លើកទឹកចិត្ត ជូនដល់សិស្សជ័យលាភី កម្រិតទី៣ ទី៦ ទី៩ និងទី១២ ចំនួន១២នាក់ផងដែរ៕