(ភ្នំពេញ)៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាប់ខ្លួនជនជាតិចិន២នាក់ ក្នុងចំណោមបក្ខពួក ៤នាក់ ដែលបានប្រើប្រាស់អំពើហិង្សាមានស្ថានទម្ងន់ទោស និងកំហែងយក នៅផ្ទះរបស់ជនរងគ្រោះស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។
ប្រតិបត្តិការចាប់ខ្លួននេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ ដោយអនុវត្តតាមដីការបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ និងថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ ឲ្យនាំខ្លួនជនសង្ស័យឈ្មោះ Chang Yu Min និងឈ្មោះ Xiao Jiun Hong។
គួររំលឹកថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ មានក្រុមជនសង្គមងងឹតជនជាតិចិនតៃវ៉ាន់មួយ ក្រុមមានគ្នា ៤នាក់ បានធ្វើសកម្មភាពប្រើអំពើហិង្សា មានស្ថានទម្ងន់ទោស និងកំហែងយកនៅផ្ទះលេខ១៣ ផ្លូវលេខ៣ (បុរីភ្នំពេញថ្មី) សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ផ្ទះជនរងគ្រោះ) ដោយយកពែងតែគប់ទៅលើជនរងគ្រោះរងរបួសក្បាល និងយកវត្ថុរឹងគំរាមបង្ខំឲ្យជនរងគ្រោះចុះហត្ថលេខា លើលិខិតឲ្យទទួលស្គាល់ជំពាក់លុយពួកគេចំនួន ២២ម៉ឺនដុល្លារ និងបញ្ចាំរថយន្តដោយការពិតជនរងគ្រោះមិនបានជំពាក់លុយនោះទេ។
បើតាមរបាយការណ៍ បន្ទាប់មកក្រុមជនសង្ស័យ បានបង្ខំឲ្យជនរងគ្រោះយកសោររថយន្ត ប័ណ្ណសម្គាល់យានយន្ត និងយករថយន្តម៉ាក Mercedes របស់ជនរងគ្រោះយកទៅលាក់ទុកនៅ Condo ក្រោយណាហ្គាក្នុងខណ្ឌចំការមន។
ដោយឡែកសម្រាប់ជនសង្ស័យឈ្មោះ Yang Shi Xiao ជាមេក្លោង ក្នុងការធ្វើសកម្មភាពត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាប់ខ្លួនថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០១៨ ហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោយចោទពីបទហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស និងកំហែងយក ប៉ុន្តែត្រូវបានព្រះរាជអាជ្ញារង សឿ ឡង់ឌី ចោទត្រឹមហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស បញ្ជូនទៅចៅក្រមស៊ើបសួរ លោក ហេង កេសរោ ក៏បានដោះលែងជនសង្ស័យឈ្មោះ Yang Shi Xiao ដែលជាមេក្លោងក្រុមជនសង្គមងងឹតរូបនេះ ឲ្យមានសេរីភាពទាំងបក្ខពួក៣នាក់ទៀត កំពុងរត់គេចខ្លួនមិនទាន់ចាប់បាននៅឡើយ។
ការដោះលែងជនសង្ស័យ ធ្វើឲ្យក្រុមគ្រួសារជនរងគ្រោះ មានការភ័យខ្លាចយ៉ាងខ្លាំង ត្រូវសំងំលាក់ខ្លួន និងមិនហ៊ានចូលផ្ទះរបស់ខ្លួនទៀតផង ហើយក្នុងចំណោមជនសង្ស័យទាំង៣នាក់ កម្លាំងកងរាជអាវុធហត្ថបានស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនចំនួន២នាក់បន្ថែមទៀត៕