(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងលោក Nakyoung Oh បានបង្ហាញជំនឿថាទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងកម្ពុជា នឹងកាន់តែជិតស្និទ្ធថែមទៀត តាមរយៈគោលនយោបាយជំរុញទំនាក់ទំនង និងចំណងការទូតរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ។
ការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង បានធ្វើឡើងក្នុងពេលរូបលោកអញ្ជើញបើកកម្មិវិធីប្រកួត្លែងសុន្ទរកថាជាភាសាកូរ៉េអន្តរជាតិលើកទី២៣ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ នៅសាលពហុបំណង (Multi-Purpose Hall) នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ(CKCC) ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ក្នុងសុន្ទរកថាបើកកម្មវិធីប្រកួតនេះ លោក Nakyoung Oh បានកត់សម្គាល់ថា រយៈពេល២១ឆ្នាំ នៃទំនាក់ទំនង សាធារណរដ្ឋកូរ៉េ និងកម្ពុជា បានពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដូចជា នយោបាយ សេដ្ឋកិច្ច និងវប្បធម៌ជាដើម ហើយទៅថ្ងៃអនាគតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនឹងកាន់តែជិតស្និទ្ធបន្ថែមទៀត។
លោកក៏បានថ្លែងក្នុងឱកាសនោះដែរថា តាមរយៈទំនាក់ទំនងដ៏ល្អប្រសើរនេះ ក្នុងមួយគិតជាមធ្យមមានភ្ញៀវទេសចរកូរ៉េ និងកម្ពុជាបានធ្វើដំណើរកម្សាន្តឆ្លងទៅប្រទេសកម្ពុជា និងកូរ៉េ ប្រមាណជា ៥០ម៉ឺននាក់ ហើយប្រជាជនកម្ពុជាក៏បាន នឹងកំពុងតែផ្តល់ចំណាប់អារម្មណ៍ស្តីអំពីវប្បធម៌ និងភាសាកូរ៉េកាន់តែខ្លាំងឡើងជាលំដាប់។
ក្រៅពីទំនាក់ទំនងដ៏ល្អប្រសើរផ្នែកទេសចរណ៍ហើយនោះ ភាសាកូរ៉េក៏ត្រូវបានពង្រឹងនៅកម្ពុជាផងដែរ។ បច្ចុប្បន្ននៅប្រទេសកម្ពុជា មានសកលវិទ្យាល័យចំនួន៥ ដោយរួមទាំងសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ បានបើកដេប៉ាតឺម៉ង់ភាសាកូរ៉េ ហើយជារៀងរាល់ឆ្នាំមានប្រជាជនកម្ពុជាប្រមាណជា ៥ម៉ឺននាក់បានចូលរួមប្រលងធ្វើតេស្តសមត្ថភាពភាសាកូរ៉េ TOPIK ដែលនេះបង្ហាញឲ្យឃើញថាប្រជាជនកម្ពុជាមានចំណាប់អារម្មណ៍យ៉ាងខ្លាំងស្តីអំពីភាសាកូរ៉េ។
សូមបញ្ជាក់ថា កម្ពុជា និងកូរ៉េខាងត្បូង បានភ្ជាប់ទំនាក់ទំនងជាមួយគ្នានៅក្នុងឆ្នាំ១៩៩៦ ធ្វើឡើងដោយសម្តេចតេជោ ហ៊ុន សែន និង លោកប្រធានាធិបតី គឹម យ៉ុងសាន។ ទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង បានរីកចម្រើនជាបន្តបន្ទាប់ ក្នុងរយៈពេលប្រមាណ ២១ឆ្នាំមកនេះ៕