(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ បានប្រាប់ទៅកាន់កងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវតែបន្ដយកចិត្តទុកដាក់ពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈក្នុងថ្ងៃប្រកាសលទ្ធផលបោះឆ្នោតបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ស្អែកនេះ។
សម្ដេចក្រឡាហោម ស ខេង បានធ្វើឡើងនៅតាមរយៈទំព័រ Facebook ផ្លូវការនារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះថា «ខ្ញុំសូមជម្រាបដល់គណៈបញ្ជាការសន្តិសុខអចិន្ត្រយ៍ និងអភិបាលរាជធានី-ខេត្ត! ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ គ.ជ.ប នឹងប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត។ ហើយប្រសិនមិនមានពាក្យបណ្តឹង ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការពីចំនួនអាសនៈសម្រាប់ នីតិកាលទី៦»។
សម្តេចក្រឡាហោម បន្តថា «សូមសមត្ថកិច្ច រួមមានគណបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ គណបញ្ជាការឯកភាពគ្រប់ថ្នាក់យកចិត្តទុកដាក់ ចាត់ចែងសន្តិសុខ សណ្តាប់ធ្នាប់ ឲ្យបានល្អប្រសើរការពារព្រឹត្តិការណ៍ដ៏មានសារ:សំខាន់ជាប្រវត្តិសាស្រ្តនេះ»។
សូមជម្រាបថា កម្ពុជាបានរៀបចំការបោះឆ្នោតដោយជោគជ័យជាស្ថាពរ កាលពីថ្ងៃអាទិត្យ ទី២៩ ខែកក្កដាកន្លងទៅនេះ ដោយមានការចូលរួមថែរក្សាសន្ដិសុខ សណ្ដាប់ពីកម្លាំងសមត្ថកិច្ច រហូតដល់ជាង ៨ម៉ឺនាក់។ ការបោះឆ្នោតនេះ មានការចូលរួម ដោយអ្នកសង្កេតការណ៍ជាតិ អន្តរជាតិច្រើនជាងមុន ហើយត្រូវកោតសរសើរថា ធ្វើឡើងដោយរលូន គ្មានអំពើហិង្សា សេរី ត្រឹមត្រូវ និងយុត្តិធម៌។
តាមរបាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជា ចេញទៅបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មានចំនួនប្រមាណ ៦,៩៤៦,១៦៤នាក់ ស្មើនឹងប្រមាណ ៨២.៨៩ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៨,៣៨០,២១៧នាក់។ ក្នុងនោះសំឡេងបានការមានចំនួន ៦,៣៤៩,៣៨៩នាក់ ហើយមិនបានការចំនួន ៥៩៦,៧៧៥នាក់៕