(ភ្នំពេញ)៖ ក្រុមត្រួតពិនិត្យប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម តាមរយៈរថយន្តមន្ទីរពិសោធន៍ប្រេងឥន្ធនៈចល័ត ដឹកនាំដោយ លោក មាន ចំណាប់ ជាអនុប្រធាននាយកដ្ឋាន នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ សហការជាមួយមន្រ្តីជំនាញរបស់មន្ទីពិសោធន៍ បានចុះត្រួតពិនិត្យ បរិមាណ និងគុណភាពប្រេងឥន្ធនៈនៅតាមស្ថានីយ និងដេប៉ូមួយចំនួន ដែលមានទីតាំងនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក មាន ចំណាប់ បានថ្លែងថា ប្រតិបត្តិការនេះធ្វើឡើង ក្នុងគោលបំណងការពារផលប្រយោជន៍សេដ្ឋកិច្ច អ្នកប្រើប្រាស់ ការពារគ្រឿងម៉ាស៊ីន នៃយានជំនិះគ្រប់ប្រភេទ និងការពារបរិស្ថានដែលកើតចេញពីចំហេះប្រេងឥន្ធនៈមិនសមស្រប និងពិសេសដើម្បីទប់ស្កាត់ការកែ្លងបន្លំ។
បើតាមអនុប្រធាននាយកដ្ឋាន ការត្រួតពិនិត្យគុណភាព និងបរិមាណនេះ គឺផ្អែកទៅលើឧបករណ៍ត្រួតពិនិត្យនៅនឹងកន្លែង ដូចជាធុងក្រឹតមានមាឌជាក់លាក់ សម្រាប់វាស់បរិមាណប្រេង ដែលបាញ់ចេញពីកុងទ័រ តាមទំហំផ្សេងខុសគ្នាមាន ចំណុះ៥លីត្រ ១០លីត្រ និង២០លីត្រ។ ចំណែកសន្ទស្ស៍អុកតាន និងសេតានវិញ គឺប្រើឧបករណ៍ក្នុងរថយន្តមន្ទីពិសោធន៍ចល័ត។
ជាលទ្ធផល នៃការត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈបានរកឃើញស្ថានីយដេប៉ូ ចំនួន០៦កន្លែងនៅទីតាំងខាងលើនេះ មានស្ថានីយដេប៉ូ០៣កន្លែង ត្រឹមត្រូវតាមអនុលោមភាពទាំងគុណភាព និងរង្វាស់រង្វាល់ ចំណែក០១ទីតាំងមិនមានអនុលោមភាពផ្នែកគុណភាព និង០២ទីតាំងទៀត មិនមានអនុលោមភាពទាំងផ្នែកគុណភាព និងផ្នែកបរិមាណ។
លោកបានបញ្ជាក់ទៀតថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូល នឹងបន្តធើ្វការត្រួតពិនិត្យឲ្យបានគ្រប់ស្ថានីយទាំងអស់នៅកម្ពុជា ហើយក៏បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ចូលរួមសហការជាមួយ ក្រុមការងារចុះត្រួតពិនិត្យ របស់អគ្គនាយកដ្ឋានកាំកុងត្រូលក្នុងកិច្ច ការពារអ្នកប្រើប្រាស់តាមផ្លូវច្បាប់ ហើយចំពោះក្រុមហ៊ុន/ដេប៉ូ ដែលបានរកឃើញមានការលក់ប្រេងឥន្ធនៈមិនសមស្រប ត្រូវធ្វើការបញ្ឈប់ និងកែតម្រូវឲ្យបានសមស្របឡើងវិញជាបន្ទាន់ បើមិនពុំនោះសោធនឹងត្រូវទទួលរងនូវចំណាត់ការតាមនីតិវិធីនៃច្បាប់ជាធរមាន។
លោក មាន ចំណាប់ បន្ថែមថា អ្នកប្រើប្រាស់យានជំនិះទាំងអស់ ត្រូវពិចារណាជាមុនក្នុងការជ្រើសរើសស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ដែលជាក្រុមហ៊ុនទុកចិត្ត ប្រើប្រាស់ឧបករណ៍ថ្មី លក់ប្រេងសាំងធម្មតា ឬស៊ុបពែរ និងម៉ាស៊ូតដែលមានគុណភាពល្អ ហើយគ្រប់ចំនួនលីត្រ ពិនិត្យមើលលេខកុងទ័រ នៅពីចំណុចសូន្យជានិច្ចមុនពេលចាក់។
ជាមួយគ្នានេះ ត្រូវតាមដានដំណើរការ នៃលេខកុងទ័រដែលត្រូវចាប់ផ្ដើមជាមួយគ្នាម៉ាស៊ីនបាញ់ប្រេង រហូតដល់ចំនួនលីត្រចុងក្រោយ ដែលបានស្នើតាមដានសេចក្តីជូនដំណឹង ពីតម្លៃប្រេងឥន្ធនៈរបស់ក្រសួងពាណិជ្ជកម្ម និងត្រូវប្រុងប្រយ័ត្នសុវត្ថិភាពផ្នែកអគ្គីភ័យ ដោយពន្លត់ម៉ាស៊ីនយានជំនិះ ពេលចាក់បំពេញប្រេងក្នុងស្ថានីយ និងសូមផ្តល់ព័ត៌មានមកមន្រ្តីជំនាញកាំកុងត្រូលប្រចាំរាជធានី ខេត្ត ឬមកអគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងករណីដែលបាតុភាពជាយថាហេតុណាមួយ៕