(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរដែលបានចូលរួមបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ បានខឹងសម្បាយ៉ាងខ្លាំងចំពោះទណ្ឌិត សម រង្ស៊ី ដែលបានចោទថាទិន្នន័យអ្នកទៅបោះឆ្នោតរហូតដល់ទៅ ៨២.៨៩ភាគរយជាការបំប៉ោងដោយគណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត។ ម្ចាស់ឆ្នោតទាំងនោះ បានចាត់ទុកការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី នេះថា ជាការប្រមាថមើលងាយចំពោះឆន្ទៈរបស់ពួកគេ ហើយបានបបួលទណ្ឌិតរត់ចោលស្រុករូបនេះស្បថដាក់ជីវិតឲ្យស្លាប់តៃហោង។
ការប្រតិកម្មរបស់ប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ឆ្នោតបានកើតមានឡើងបន្ទាប់ពីលោក សម រង្ស៊ី មួយដងជាពីរដង បានបន្តវាយប្រហារ និងចោទប្រកាន់ទៅលើទិន្នន័យចំនួនអ្នកទៅចូលរួមបោះឆ្នោតដ៏ច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មានក្នុងប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជារហូតដល់ទៅ ៨២.៨៩ភាគរយនោះថាជាចំនួនមិនត្រឹមត្រូវ និងបំប៉ោងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោក សុភា ប្រជាពលរដ្ឋរស់នៅក្នុងក្រុងតាខ្មៅ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា នៅថ្ងៃទី២៩ ខែកក្កដា លោកបានទៅចូលរួមបោះឆ្នោត ហើយក៏បានឃើញប្រជាពលរដ្ឋនៅក្រុងតាខ្មៅទៅចូលរួមបោះឆ្នោតនៅក្នុងការិនិយាល័យរបស់លោកយ៉ាងច្រើនកុះករខុសពីការបោះឆ្នោតមុនៗផងដែរ។ លោកថា ការលើកឡើងរបស់លោក សម រង្ស៊ី វាជាទម្លាប់ទៅហើយរបស់អ្នកនយោបាយក្រៅសង្វៀនរូបនេះ ព្រោះការបោះឆ្នោតស្ទើរតែគ្រប់អាណត្តិ ដូចជាឆ្នាំ២០១៣ ក៏បានប្រកែកតវ៉ាចោទប្រកាន់អ៊ីចេះអ៊ីចុះ តែទីបំផុតក្បត់អ្នកគាំទ្របបួលគ្នាទទួលស្គាល់លទ្ធផលឆ្នោតដោយចូលអង្គុយធ្វើការងារនៅរដ្ឋសភាយ៉ាងរំភើយ។
«កុំទៅខ្វល់ជាមួយអាអ្នកនយោបាយកំសាករត់ចោលស្រុកនាំឈឺក្បាលហាលថ្ងៃអីទេ។ វាមិនមែនជារឿងថ្មីនោះចំពោះការឡាំប៉ាមិនទទួលស្គាល់ការបោះឆ្នោតនោះ ព្រោះរាល់ការបោះឆ្នោតមុនៗក៏ពួកគេមិនដែលទទួលស្គាល់បែបនេះដែរ។ តែបន្ទាប់ពីឡាំប៉ាឆ្អែតក៏លួចទទួលស្គាល់ស្ងាត់ៗទៅវិញ ដូចកាលឆ្នាំ២០១៣គេកៀរគរពលរដ្ឋប្រឆាំងតវ៉ាលទ្ធផលឆ្នោត ដល់ពេលត្រូវរូវគ្នាបានតំណែងក្នុងសភាពួកវាទទួលស្គាល់លទ្ធផលឆ្នោតអត់ប្រាប់ពលរដ្ឋមួយមាត់។ អ៊ីចឹងវាអត់មានអីចម្លែកនោះសម្រាប់ការឡាំប៉ារបស់អាម្សៀសមរង្ស៊ីនោះ»។ លោក សុភា បានគូសបញ្ជាក់។
ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតរស់នៅក្នុងរាជធានីភ្នំពេញម្នាក់ទៀត បានសម្តែងការខឹងសម្បាជាខ្លាំងចំពោះការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី។ លោក ម៉ើ ម៉េន បានចាត់ទុកការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី គឺជាការប្រមាថដល់ឆន្ទៈ និងសំឡេងឆ្នោតរបស់គាត់។
ម្ចាស់ឆ្នោតរូបនេះ បានថ្លែងយ៉ាងដូច្នេះ «ការលើកឡើងរបស់អាទណ្ឌិតកំសាកញីរូបនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់ឆន្ទៈមនសិការបស់ប្រជាពលរដ្ឋខ្មែរ ដែលបានចេញទៅបោះឆ្នោត។ យើងចេញទៅបោះឆ្នោតបែរជាវាថាសំឡេងរបស់យើង សន្លឹកឆ្នោតរបស់យើងជាការបំប៉ោងជាការរៀបចំទៅវិញ ជាការប្រមាថធ្ងន់ធ្ងរណាស់។ ក្នុងនាមខ្ញុំជាម្ចាស់ឆ្នោតមួយសំឡេងនឹងគេដែរខ្ញុំមិនសុខចិត្តឡើយចំពោះការលើកឡើងបែបនេះ»។
ម្ចាស់ឆ្នោតដែលមានលំនៅឋានក្នុងរាជធានីភ្នំពេញរូបនេះ មិនត្រឹមតែខឹងសម្បាចំពោះការចោទប្រកាន់ថាសំឡេងឆ្នោតជាកាបំប៉ោងនោះទេ គេបានប្រកាសការពារឆន្ទៈ និងសន្លឹកឆ្នោតរបស់គេថែមទៀតផង ដោយបានហៅទណ្ឌិត សម រង្ស៊ី ចេញមកស្បថដាក់ជីវិតឲ្យស្លាប់ចោលប្រពន្ធកូន និងសាច់ញាតិ។ លោក ម៉ើ ម៉េន ក៏រំពឹងថា លោក សម រង្ស៊ី ហ៊ានចេញមកស្បថផងដែរ ប្រសិនបើទណ្ឌិត សម រង្ស៊ី គិតថាការស្បថគ្រាន់តែជាអបិយជំនឿ។
ពាក់ព័ន្ធការស្បថស្បែការពារសន្លឹកឆ្នោតនេះដែរ លោក ដារា ប្រជាពលរដ្ឋរស់នៅជាយរាជធានីភ្នំពេញក្នុងខណ្ឌដង្កោ បានលើកឡើងថា ការស្បថស្បែនេះវាមិនជាការទាល់ច្រកដូចទណ្ឌិត សម រង្ស៊ី លើកឡើងនោះទេ។
ពលរដ្ឋរូបនេះ បានបន្តថា ជំនឿក្នុងសង្គមខ្មែរការស្បថស្បែគឺជារឿងដ៏ស័ក្តិសិទ្ធមួយ ហើយក្នុងនោះក្រុមលោក សម រង្ស៊ី កាលពីឆ្នាំ២០១៣ ក៏ធ្លាប់បានស្បថស្បែនៅមុខប្រាសាទអង្គរថាពួកគេមិនក្បត់ឆន្ទៈរបស់អ្នកគាំទ្របស់ពួកដោយមិនទទួលស្គាល់លទ្ធផលបោះឆ្នោត និងចូលរដ្ឋសភាជាដាច់ខាត តែទីបំផុតពួកគទទួលស្គាល់លទ្ធផលបោះឆ្នោតដើរចូលសភា ហើយទណ្ឌកម្មពីវត្ថុស័ក្តិសិទ្ធនៅអតីតរាជធានីអង្គរបានដាក់ទណ្ឌកម្មយ៉ាងទាន់ហន់។
«ការស្បថស្បែនេះវាមិនមែនជារឿងទាល់ច្រកដូចទណ្ឌិត សម រង្ស៊ី លើកឡើងនោះទេ។ បើវាទាល់ច្រកម្តេចក៏ពួកគេនាំគ្នាទៅស្បថស្បែនៅប្រាសាទអង្គរកាលពីឆ្នាំ២០១៣ ហើយយើងមើលឃើញថាស័ក្តិសិទ្ធប៉ុណ្ណា? គេថាគេមិនក្បត់ឆន្ទៈអ្នកគាំទ្រទទួលស្គាល់លទ្ធផលឆ្នោតនោះទេ មិនចូលរដ្ឋសភាទេ តែទីបំផុតគេក្បត់ឆន្ទៈអ្នកគាំទ្រ បំពានពាក្យសម្បថទណ្ឌកម្មពីវត្ថុស័ក្តិសិទ្ធអតីតរាជធានីអង្គរឃើញទាន់ហន់បក្សត្រូវរលាយ អ្នកខ្លះជាប់គុក អ្នកខ្លះរត់ចោលស្រុកខ្ចាត់ខ្ចាយគ្មានសល់។ នេះព្រោះតែការបំពានពាក្យសម្បថ»។ លោក ដារា បញ្ជាក់បន្ថែម។
លោក ដារា បានលើកឡើងដែរថា ប្រសិនបើលោក សម រង្ស៊ី មិនជឿពាក្យសម្បថ ហើយមិនខ្លាចរងគ្រោះដូចសម្បថឆ្នាំ២០១៣ទេនោះ លោកសូមអញ្ជើញលោក សម រង្ស៊ី ចេញមកស្បថជាមួយរូបលោកដោយដាក់ជីវិតឲ្យស្លាប់តៃហោងចោលក្រុមគ្រួសារ និងសាច់ញាតិផងដែរ។
សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបបួលទណ្ឌិត សម រង្ស៊ី ស្បថឲ្យស្លាប់តៃហោងគ្រប់ទម្រង់ទាំងអស់ ដែលក្នុងនោះសូម្បីតែដេកធ្លាក់ពីលើខ្នើយក៏ឲ្យស្លាប់ដែរ។ ការស្លាប់នេះទៀតសោត មិនមែនស្លាប់តែអ្នកស្បថទេ គឺឲ្យស្លាប់ទាំងពូជ និងមនុស្សជំនិតថែមទៀតផង។
តែរហូតមកដល់ពេលនេះទណ្ឌិត សម រង្ស៊ី ដែលគេប្រសិទ្ធនាមថាជាអ្នកនយោបាយកំសាកក្នុងប្រវត្តិសាស្ត្រខ្មែរមិនទាន់ហ៊ានចេញមកស្បថនៅឡើយនោះទេ។ ការមិនហ៊ានស្បថនេះគេមើលឃើញថា លោក សម រង្ស៊ី ខ្លាចទទួលរងទណ្ឌកម្មពីវត្ថុស័ក្តិសិទ្ធដូចកាលពីឆ្នាំ២០១៣ ត្រូវស្លាប់ចោលឆ្អឹងនៅក្រៅស្រុកដូចឪពុករបស់ខ្លួន ដែលជាជនក្បត់ជាតិនោះ។
ប្រជាពលរដ្ឋខ្មែរជាម្ចាស់ឆ្នោតបានហៅការហ៊ានស្បថដាក់ជីវិតរបស់សម្តេចតេជោ ហ៊ុន សែន គឺជាការចេញមកការពារភាពស្អាតស្អំនៃដំណើរការបោះឆ្នោតនៅកម្ពុជា ជាពិសេសការពារឆន្ទៈប្រជាពលរដ្ឋខ្មែរទាំងមូលតែម្តង ព្រោះការចោទប្រកាន់របស់ទណ្ឌិត សម រង្ស៊ី ជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់ឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ៕