(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ បានបន្តចុះថ្លែងអំណរគុណប្រជាពលរដ្ឋដែលបានបោះឆ្នោតជូនគណបក្សប្រជាជន ឲ្យទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី ព្រមទាំងផ្សព្វផ្សាយអំពីលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កន្លងទៅជូនប្រជាពលរដ្ឋ ក្នុងសង្កាត់ស្ពានថ្ម។
ក្នុងឱកាសនោះ លោកអភិបាលខណ្ឌដង្កោ បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឲ្យទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ និងប្រកាសអំពីលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន ដែលគណបក្សប្រជាជនបានទទួលជ័យជម្នះ នៅទូទាំងប្រទេសនិយាយជារួម និងនិយាយដោយឡែកចំពោះខណ្ឌដង្កោ និងសង្កាត់ស្ពានថ្ម ទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី ដែលនេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ អំពីការស្រលាញ់ពេញចិត្តការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន និងត្រូវការសម្តេច ដើម្បីដឹកនាំប្រទេស បន្តរក្សាសន្តិភាព និងការអភិវឌ្ឍបន្តទៀត។
បន្ថែមពីនេះ លោក នុត ពុធដារ៉ា បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងគិតគូពីសុខទុក្ខ ការលំបាក និងកង្វល់នានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ជាមួយគ្នា លោកអភិបាលខណ្ឌ ក៏បានធ្វើការស្វែងយល់អំពីសំណើ និងតម្រូវការផ្សេងៗ របស់ប្រជាពលរដ្ឋមកដោះស្រាយ ឲ្យបានទាន់ពេលវេលា ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបម្រើបងប្អូនប្រជាពលរដ្ឋឲ្យបានកាន់តែច្រើនទ្វេរដង៕