(ភ្នំពេញ)៖ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ សហការជាមួយមន្ទីរពាណិជ្ជកម្មរាជធានី និងគណៈកម្មការផ្សារ បានបន្តចុះមកពិនិត្យគុណភាព សុវត្ថិភាពចំណីអាហារ នៅផ្សាររីករាយ និងផ្សារឈូកមាស ព្រមទាំងបានចុះឃ្លាំង ពិនិត្យថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយ៍នានា ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ពេលចុះពិនិត្យនោះទំនិញជាម្ហូបអាហារ និងគ្រឿងឧបភោគ បរិភោគប្រចាំថ្ងៃចំនួន៣៥គំរូ ត្រូវបានយកមកពិនិត្យវិភាគរកសារធាតុគីមីហាមឃាត់។ ជាលទ្ធផល ផលិតផលដែលពិនិត្យទាំង៣៥គំរូនេះ គឺមានអនុលោមភាព សុវត្ថិភាពចំនួន៣៤គំរូ ដែលរួមមាន៖ តៅហ៊ូដុំ សណ្តែកបណ្តុះ ប្រហិតសាច់គោ ប្រហិតសាច់ក្តាម សាច់ប៉ាតេ ពោះគោ សរសៃគុយទាវ មី ប្រភេទជ្រក់ អាហារសមុទ្រស្រស់ក្លាសេជាដើម។
ដោយឡែកចំពោះបង្អែមនំស្លឹកស្រស់ ពិនិត្យវិភាគរកឃើញមានសារធាតុគីមីហាមឃាត់បូរ៉ាក់ ហើយត្រូវបានក្រុមការងារ បង្ហាញពីលទ្ធផលវិភាគជូនដល់អ្នកលក់ និងបានឯកភាពគ្នា ធ្វើកិច្ចសន្យាបញ្ឈប់ការការផលិត និងលក់បង្អែមនំស្លឹកស្រស់ មានសារធាតុគីមីហាមឃាត់ ព្រមទាំងបានធ្វើកំណត់ហេតុដកហូត បានចំណីអាហារដែលមានផ្ទុកសារធាតុគីមីហាមឃាត់ បាន៤.១០គីឡូក្រាមដើម្បីកម្ទេចចោល។
ក្នុងពេលចុះពិនិត្យគុណភាពទំនិញនោះ សាខាក៏បានចែកផ្សាយនូវរូបភាព Poster ឆ្លៀតអប់រំ និងផ្តាំផ្ញើដល់អាជីវករទាំងអស់ កុំឲ្យផលិត ឬយកទំនិញគ្មានគុណភាព ឬមានសារធាតុគីមីមកលក់ ព្រោះនាំឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់។
ចំពោះអ្នកទិញមន្រ្តីកាំកុងត្រូលក៏បានណែនាំពីរបៀប នៃការជ្រើសរើសផលិតផល មានសុវត្ថិភាពមកបរិភោគ និងបានផ្តាំផ្ញើដល់អ្នកទិញ គួរពិចារណាមុននឹងសម្រេចចិត្តទិញ ជាពិសេសទំនិញដែលខុសប្លែកពីធម្មតា ដូចជាទំនិញដែលមានសម្រស់ស្រស់ ឆើតឆាយ មានលក្ខណៈទាក់ទាញខ្លាំង៕