(ភ្នំពេញ)៖ លោក ជា ពិសី ក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអភិបាលខណ្ឌឫស្សីកែវ បានថ្លែងយ៉ាងច្បាស់ថា «ខ្ញុំគ្មានអ្វីក្រៅពីការលើកម្រាមដៃសំពះ ថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋឡើយ ថ្វីត្បិតខ្ញុំជាអភិបាលខណ្ឌ ប៉ុន្តែខ្ញុំគឺជាអ្នកបម្រើប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់ មិនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋនោះទេ» ក្រោយពីបងប្អូន បាននាំគ្នាប្រើសិទ្ធិរបស់ខ្លួន ដើម្បីពង្រឹងលទ្ធិប្រជាធិប្បតេយ្យ ក្នុងការចូលរួមទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ នៃរដ្ឋសភា កាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅ ដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជម្នះភ្លុកទឹកភ្លុកដី រហូតដល់ទៅជាង៨២%ឯណោះ នៅទូទាំងប្រទេស និងជាប់ចំណាត់ថ្នាក់លេខ២ នៅលើពិភពលោក ដែលមានពលរដ្ឋទៅបោះឆ្នោតបានច្រើនជាងគេ។
លើសពីនេះ លោក ជា ពិសី បានគូសបញ្ជាក់ថា «ក្នុងនាមមន្ត្រី មិនមែនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋនោះទ ផ្ទុយទៅវិញ មន្ត្រីគឺជាអ្នកបម្រើប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់» ដោយតម្រូវឲ្យអាជ្ញាធរ ក្រោយពីបោះឆ្នោតរួច ចាំបាច់ត្រូវចុះថ្លែងអំណរគុណប្រជាពលរដ្ឋ និងបន្តបម្រើប្រជាពលរដ្ឋម្ចាស់ឆ្នោត ទាំងកម្លាំងកាយប្រាជ្ញាស្មារតី ក្នុងការចូលរួមដោះស្រាយរាល់បញ្ហាផ្សេងៗ ពិសេសបញ្ហាសេវាតម្រូវការ ក៏ដូចជា សេវាសំណូមពរ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងមូលដ្ឋានដោយគ្មានលក្ខខណ្ឌ ស្របតាមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ការថ្លែងគូសបញ្ជាក់របស់លោក ជា ពិសី បានធ្វើឡើងក្នុងពេលលោកបន្តដឹកនាំអាជ្ញាធរសង្កាត់-ភូមិ និងមន្ត្រីពាក់ព័ន្ធ ចុះជួបថ្លែងអំណរគុណដោយផ្ទាល់តាមលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនិមួយៗ ស្ថិតក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ។
សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ដ្រីគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវតែបន្ដចុះជួបសំណេះសំណាល់ និងសួរសុខទុក្ខប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ទោះបីមិនទាន់បង្កើតរាជរដ្ឋាភិបាលថ្មីក៏ដោយ ដើម្បីឆ្លើយតបនូវការខិតខំរបស់ពលរដ្ឋ ដែលបានជឿជាក់មកលើគណបក្សប្រជាជនកម្ពុជា៕