(ក្រចេះ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ មន្ត្រីរាជការគ្រប់មន្ទីរ អង្គភាព ជុំវិញខេត្ត នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនគ្រួសារ រងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៤០០គ្រួសារ មកពីភូមិមួយចំនួនរបស់ក្រុង-ខេត្តស្ទឹងត្រែង។
លោក វ៉ី សំណាង បានឲ្យដឹងថា អំណោយដែលបាននាំយកទៅចែកជូនបងប្អូន ប្រជាពលរដ្ឋនាពេលនេះ គឺជាការរួមចំណែកពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ព្រមទាំងសប្បុរសជនផ្សេងៗ ក្នុងលក្ខណៈការងារមនុស្សធម៌ ដើម្បីយកមកជួយបងប្អូននាថ្ងៃនេះ។
លោកអភិបាលខេត្ត បានបន្តថា ខេត្តកំពង់ស្ពឺក៏បានទទួលរងគ្រោះទឹកជំនន់ តែប៉ះពាល់តិចតួចជាងអ្នកខេត្តស្ទឹងត្រែង ដូច្នេះហើយក្នុងនាមរដ្ឋបាលខេត្តកំពង់ស្ពឺ បានគៀងគរសប្បុរសធម៌ ដែលមានសប្បុរសជនជាច្រើនបានចូលរួម និងនាំមកចែកជូននាពេលនេះ ដែលក្នុងនោះរួមមាន៖ អង្ករ, មី, និងត្រីខ ដោយក្នុងមួយគ្រួសារទទួលបានស្មើរៗគ្នា៕