(ភ្នំពេញ)៖ លោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា បច្ចុប្បន្ននេះភាពយន្ដបរទេសបានហូរចូលមក លើទីផ្សារកម្ពុជាហាក់គួរឲ្យកត់សំគាល់ ទោះបីការហូរច្រើនយ៉ាងណាក៏ដោយ ក៏ពលរដ្ឋកម្ពុជា នៅតែបន្ដទស្សនា គាំទ្រភាពយន្ដក្នុងស្រុកដដែល។
ការលើកឡើងបែបនេះ របស់លោក សោម សុគន្ធ ធ្វើឡើងនាឱកាសដែលលោក អញ្ជើញចូលរួមក្នុងកម្មវិធីបណ្ដុះបណ្ដាល ជំនាញសរសេរអត្ថបទភាពយន្ដ, ជំនាញដឹកនាំរឿង និងជំនាញថតភាពយន្ដ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨។
លោក សោម សុគន្ធ បានលើកឡើងថា ១ឆ្នាំៗ ភាពយន្ដក្នុងស្រុកផលិតបាន ប្រមាណជាង៣០រឿង ប៉ុន្ដែអំណោយផលនៃការទស្សនាភាពយន្ដ របស់ទស្សនិកជនកម្ពុជា ខុសពីទស្សនិកជន តាមបណ្ដាប្រទេសនានា ដែលពួកគេខ្លាចក្នុងការហូរចូល
ភាពយន្ដហូលីវូដ។ ដោយឡែកសម្រាប់ទស្សនជនខ្មែរវិញ ទោះបីជាមានភាពយន្ដហូលីវូដ ហូរចូលច្រើនយ៉ាងណាក៏ដោយក៏នៅតែបន្ដគាំទ្រភាពយន្ដ ក្នុងស្រុកដដែល។
លោកបានបន្ដទៀតថា ដើម្បីឲ្យភាពយន្ដក្នុងស្រុក កាន់តែមានការគាំទ្រ ក្រសួងវប្បធម៌ តែងតែរៀបចំវគ្គពិសេសជាច្រើន ក្នុងចែករំលែកចំណេះដឹង ក៏ដូចជាបណ្ដុះបណ្ដាលជំនាញ ទៅលើអ្នកមិនចេះ និងចេះឲ្យកាន់តែមានសមត្ថភាព ដើម្បីងាយស្រួលក្នុងការថតភាពយន្ដ ជាមួយបរទេស ដែលមកថតនៅកម្ពុជា។
លោកបញ្ជាក់ទៀតថា ច្បាស់ណាស់ការហូរចូលនៃ ភាពយន្ដបរទេស គឺប្រាកដជាមានផលប៉ះពាល់ដល់ភាពយន្ដកម្ពុជា។ ប៉ុន្ដែប្រសិនបើគិតដល់ការចំណាយវិញ គឺភាពយន្ដបរទេស នាំចូលកម្ពុជាមានតម្លៃថោកជាង ការផលិតខ្លួនឯង ដោយឡែកសម្រាប់ គុណភាពវិញកម្ពុជា នៅមានកម្រិតនៅឡើយ។ តែទោះបីជាយ៉ាងណា ក្រសួងនឹងព្យាយាមបណ្ដុះបណ្ដាលឲ្យមានគុណភាពល្អឡើងទ្វេរឡើង។
សូមបញ្ជាក់ថា ឆមាសទី១ ឆ្នាំ២០១៨នេះ មានផលិតករក្នុងស្រុកជាង៣០នាក់ ដែលសុំអាជ្ញាបណ្ណថតរឿង។ ដោយឡែកសម្រាប់ផលិករបរទេស មានប្រមាណ២០គម្រោងហើយ ដែលគ្រោងនឹងដាក់ស្នើមកក្រសួង ភាពច្រើនជាភាពយន្ដ
ឯកសារ៕