(ស្ទឹងត្រែង)៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី ជូ សារុន នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ បាននាំអំណោយរបស់កងរាជអាវុធហត្ថ ជូនគ្រួសារក្រីក្រ និងធ្លាក់ខ្លួនឈឺជាទម្ងន់៤គ្រួសារ នៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។
ការយកអំណោយប្រគល់ជូនប្រជាពលរដ្ឋរបស់ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី និងលោកឧត្តមសេនីយ៍ត្រី ជូ សារុន បានធ្វើឡើងតាមការណែនាំ និងបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្ដីទី នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមិនមើលរំលងប្រជាពលរដ្ឋណាម្នាក់នោះទេ ហើយក៏មិនបណ្ដោយឲ្យពលរដ្ឋណា ជួបការលំបាកដែរ គឺត្រូវតែយកចិត្តទុកដាក់ទាំងអស់។
ពិធីនៅព្រឹកមិញនេះ ក៏មានការចូលរួមពីប្រធានមន្ទីរសុខាភិបាល, ប្រធានមន្ទីរពេទ្យបង្អែក និងមន្ត្រីកងរាជអាវុធហត្ថព្រមទាំងមន្ត្រីពេទ្យ ជាច្រើនរូបទៀត។
ថ្លែងប្រាប់អង្គភាព Fresh News លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានបញ្ជាក់ថា គ្រួសារអ្នកជំងឺ៤គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកា ចំនួន៥០ម៉ឺនរៀល, អង្ករមួយបេ, ទឹកត្រីមួយយួរ, ទឹកស៉ីអ៉ីវមួយយួ, មីមួយកេស និងទឹកបរិសុទ្ធមួយកេស។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី និងលោកឧត្តមសេនីយ៍ត្រី ជូ សារុន ក៏បានណែនាំដល់ក្រុមគ្រូពេទ្យទាំងអស់ ត្រូវតែបន្ដយកចិត្តទុកដាក់មើលថែអ្នកជំងឺ មិនថាអ្នកជំងឺជាអ្នកមាន ឬអ្នកក្រក្សត់នោះទេ គឺត្រូវយកចិត្តទុកដាក់ទាំងអស់ដោយមិនប្រកាន់វណ្ណៈ ឬនិន្នាការនយោបាយអ្វីនោះឡើយ៕