(ភ្នំពេញ)៖ លោក ហាស់ វ៉ារី ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាក្រុមការងារចុះពង្រឹងថ្នាក់ជាតិបក្សប្រជាជនកម្ពុជា ប្រចាំស្រុកព្រៃឈរ និងស្រុកទឹកឈូ ខេត្តកំពត បានថ្លែងការអរគុណចំពោះបងប្អូនប្រជាពលរដ្ឋរស់នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម និងស្រុកទឹកឈូ ខេត្តកំពត ដែលបោះឆ្នោតជូនបក្សប្រជាជនកម្ពុជា បន្ដដឹកនាំប្រទេសឲ្យ កាន់តែរីកចម្រើនថែមទៀត។
លោក ហាស់ វ៉ារី បន្ថែមថា ក្រុមការងារចុះពង្រឹងថ្នាក់ជាតិបក្សប្រជាជនកម្ពុជា ប្រចាំស្រុកព្រៃឈរ និងស្រុកទឹកឈូ ខេត្តកំពត បេ្តជ្ញាថា នឹងខិតខំបំពេញការងារឲ្យបានល្អបន្ថែមទៀត ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋ ឲ្យទទួលបានសុខសន្តិភាព និងស្ថិរភាព នៅក្នុងការរស់នៅ។
លោក ហាស់ វ៉ារី បានឲ្យដឹងថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើការអភិវឌ្ឍ លើគ្រប់វិស័យ ទាំង វិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងទាក់ទាញវិនិយោគិន ព្រមទាំងបានជម្រុញវិនិយោគ មកជិតបងប្អូន ដើម្បបង្កើតការងារនៅមូលដ្ឋាន។
គួរបញ្ជាក់ថា លោក ហាស់ វ៉ារី ក្រៅពីជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ក៏ជាក្រុមការងារចុះពង្រឹងថ្នាក់ជាតិបក្សប្រជាជនកម្ពុជា ប្រចាំស្រុកព្រៃឈរ និងស្រុកទឹកឈូ ខេត្តកំពតផងដែរ លោក ជានិច្ចកាល ក៏បានចុះជួយប្រជាពលរដ្ឋ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម និងស្រុកទឹកឈូ ខេត្តកំពត ខណៈដែលមានប្រជាពលរដ្ឋរងគ្រោះ ឬជួបទុក្ខលំបាកនៅគ្រាមានអាសន្នណាមួយផងដែរ។
សូមជំរាបថា កម្ពុជាបានរៀបចំការបោះឆ្នោតដោយជោគជ័យជាស្ថាពរ កាលពីថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងមកនេះ។ ការបោះឆ្នោតនេះ មានការចូលរួម ដោយអ្នកសង្កេតការណ៍ជាតិ អន្តរជាតិច្រើនជាងមុន ហើយត្រូវកោតសរសើរថា ធ្វើឡើងដោយរលូន គ្មានអំពើហិង្សា សេរី ត្រឹមត្រូវ និងយុត្តិធម៌។
តាមរបាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជា ចេញទៅបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មានចំនួន៦,៩៤៦,១៦៤នាក់ ស្មើនឹង៨២.៨៩ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត៨,៣៨០,២១៧នាក់។ ក្នុងនោះសំឡេងបានការមានចំនួន៦,៣៤៩,៣៨៩នាក់ ហើយមិនបានការចំនួន ៥៩៦,៧៧៥នាក់។
សំឡេងឆ្នោតនេះ គណបក្សប្រជាជនកម្ពុជាទទួលបានច្រើនជាងគេ គឺមានចំនួនរហូតដល់ទៅ៤,៨៧៥,១៨៩នាក់ ស្មើនឹង៧៦.៧៨ភាគរយ។ តាមរយៈសំឡេងឆ្នោតនេះ បើគេគណនារកចំនួនអាសនៈតាមរូបមន្ត ក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គឺគណបក្សប្រជាជនអាចគ្រប់គ្រងអាសនៈនៅក្នុងរដ្ឋសភាទាំង១២៥តែម្តង៕