(បន្ទាយមានជ័យ)៖ តាមរយៈតួនាទី និងភារកិច្ចដែលរាជរដ្ឋាភិបាលបានប្រគល់ជូន និងបានរំលេចនៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ ទីភ្នាក់ងារជាតិ មុខរបរ និងការងារ (NEA) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី «សេវាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ និងប្រមូលអ្នកស្វែងរកការងារធ្វើនៅតាមមូលដ្ឋានរាជធានី-ខេត្ត» សិក្ខាសាលានេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ នៅសាលាស្រុកស្វាយចេក ដែលមានការចូលរួមពីលោក ស៊ុត ង៉ុយ អភិបាលស្រុកស្វាយចេក តំណាងមកពីអង្គការ GIZ និងអង្គភាពពាក់ព័ន្ធសរុបប្រមាណ៥០នាក់។
លោកមាស សំណាង ប្រធានមជ្ឈមណ្ឌលការងារខេត្តបន្ទាយមានជ័យ បានលើកឡើងថា ការរៀបចំសិក្ខាសាលានេះ គឺដើម្បីផ្តល់សេវា ការងាររបស់រដ្ឋ ឱ្យកាន់តែមានភាពងាយស្រួលជូនដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅ តាមមូលដ្ឋានភូមិ-ឃុំ ទូទាំងរាជធានី-ខេត្ត ក្នុងការទទួលបានព័ត៌មានអំពីឱកាសការងារ និងជួយចុះឈ្មោះស្វែងរកការងារធ្វើ ពិសេសដើម្បីផ្សព្វផ្សាយ អំពីសេវាការងារ និងព័ត៌មានទីផ្សារការងារជូនដល់អាជ្ញាធរមូលដ្ឋានឱ្យបានយល់ដឹង និងផ្សព្វផ្សាយ បន្តដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន នឹងបង្កើនកិច្ចសហប្រតិបត្តិការល្អ និងកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរ មូលដ្ឋានទូទាំងរាជធានី-ខេត្ត ដើម្បីចូលរួមចែករំលែកលើកកម្ពស់ សេវាសាធារណៈ និងសម្រេចឱ្យបានតាមភារកិច្ច ដែលមានចែងនៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល។
គួរបញ្ជាក់ថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (ទ.ជ.ម.ក) ជាស្ថាប័នរដ្ឋ ដែលស្ថិតនៅក្រោមគណៈកម្មាធិការជាតិបណ្តុះបណ្តាល នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទ.ជ.ម.ក ត្រូវបានបង្កើតឡើងតាមរយៈអនុក្រឹត្យ លេខ៦៧ អនក្រ.បក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០០៩ ក្នុងគោលបំណងលើកកម្ពស់ការផ្តល់សេវាព័ត៌មានទីផ្សារការងារប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីផ្តល់ឱកាសឱ្យអ្នកស្វែងរកការងារ និយោជក និងអ្នកផ្តល់ការអប់រំបណ្តុះបណ្តាល មានលទ្ធភាពទទួលបានព័ត៌មានពីគ្នាទៅវិញទៅមក។
បច្ចុប្បន្នទីភ្នាក់ងារជាតិមុខរបរ និងការងារ បានបង្កើតមជ្ឈមណ្ឌលការងារក្រោមឱវាទនៅតាមបណ្តាខេត្តចំនួន១១ ក្នុងនោះរួមមាន៖ ខេត្តកំពង់ចាម ,កំពង់ធំ, សៀមរាប, ព្រៃវែង, ស្វាយរៀង, តាកែវ, កំពត, បាត់ដំបង, បន្ទាយមានជ័យ, ខេត្តព្រះសីហនុ និងក្រុងភ្នំពេញ ដើម្បីប្រតិបត្តិការ ផ្សព្វផ្សាយពីព័ត៌មានការងារនៅក្នុងស្រុកឱ្យដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងពិសេសដើម្បីកាត់បន្ថយអត្រា អ្នកអត់ការងារធ្វើប្រកបដោយប្រសិទ្ធភាព៕